មានប្រសាសន៏ទៅកាន់អ្នកសារព័ត៌មាននៅឯវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ឆ្នាំ២០២២ ដែលរៀបចំធ្វើឡើងនៅ ខេត្ត ព្រះសីហនុ នាល្ងាចថ្ងៃទី១៨ ខែមករា នេះលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា មកដល់ពេលនេះភ្ញៀវទេសចរបានកើនឡើងជាលំដាប់ជិតស្មើនិងមុនវិបត្តិកូវីដ១៩ហើយ ចំណែកភ្ញៀវទេសចរអន្តរជាតិក៏បានកើនឡើងផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងយ៉ាងនេះថា “មកដល់ពេលនេះភ្ញៀវទេសចរបានកើនឡើងជិតស្មើនិងមុនកូវីដហើយ ចំណែកភ្ញៀវទេសចរអន្តរជាតិ បានកើនឡើងជិត២ ពាន់នាក់ក្នុងមួយថ្ងៃ។ អគ្គនាយកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក លោកខំមកតាំងពីប្រទេស បារាំង បានប្រកាសគាំទ្រវិធានការរបស់កម្ពុជា ដោយទីមួយគាំទ្រការអភិវឌ្ឍជាតិ ឆ្នេររបស់កម្ពុជាយើង ហើយសំខាន់បំផុតអ្នកទាំងអស់គ្នាគាំទ្រឲ្យបើកទេសចរណ៍អាស៊ានឡើងវិញ ហើយ ការបើកទេសចរណ៍អាស៊ានឡើងវិញនេះ គឺជាក្តីសង្ឃឹមក្តីរង់ចាំក្តីរំពឹងរបស់ប្រតិបត្តិករទេសចរណ៍ទេសចរណ៍”។
សូមបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០(ATF 2022)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ចាប់ពីថ្ងៃទី១៦ ដល់ទី២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ត្រូវបានធ្វើឡើងក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាពនិងវាសនាតែមួយ”។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ធ្លាប់បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ ATF 2022 នេះនឹងមានប្រតិភូជាតិ-អន្តរជាតិ ចូលរួមកិច្ចប្រជុំដោយផ្ទាល់ប្រមាណ១០០រូប (អន្តរជាតិ៨០រូប) ហើយក៏មានការតាំងពិព័រណ៍ទេសចរណ៍ (TRAVEX) ផងដែរ។
ការតាំងពិព័រណ៍ទេសចរណ៍ (TRAVEX) ដែលជាកម្មវិធីធំនេះនឹងមានអ្នកលក់ (Sellers) ចំនួន១៨៧ស្តង់អ្នកទិញ (Buyers) ចំនួន៤០ ក្រុមហ៊ុន សារព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន២០ស្ថាប័ន សរុបចំនួនភ្ញៀវចូលរួមក្នុងកម្មវិធីទាំងមូលមានប្រមាណ៣៥០នាក់ មកពីបណ្ដាប្រទេសជិត៣០ប្រទេស។
តាមរយៈវេទិកានេះ គេរំពឹងថា នឹងទទួលបានលទ្ធផលមួយចំនួន ដើម្បីរួមចំណែកជំរុញដល់វិស័យទេសចរណ៍នៅក្នុងប្រទេសតំបន់អាស៊ាន។ ផលដែលរំពឹងទុកនោះរួមមាន ៖
ទី១, នឹងអនុម័តលើគោលការណ៍ណែនាំស្តីពីយន្តការទទួលស្គាល់ការសិក្សាពីមុនសម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន (The Guidelines on RPL Mechanism for ASEAN Tourism Professionals) ដែលរៀបចំដោយកម្ពុជាផ្ទាល់។
ទី២, នឹងអនុម័តលើបច្ចុប្បន្នភាពស្តង់ដាស្តីពីសហគមន៍ទេសចរណ៍អាស៊ាន (the 2nd Edition ASEAN Community-Based Tourism Standard) ដែលរៀបចំដោយកម្ពុជាផ្ទាល់។
ទី៣, នឹងអនុម័តលើសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីបំលែងកម្មនៃទេសចរណ៍អាស៊ាន (Phnom Penh Declaration on Transforming ASEAN Tourism) (រៀបចំដោយកម្ពុជា) ដើម្បីដាក់ស្នើសុំការអនុម័តដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ & ៤១ ក្រោមភាពជាប្រធានអាស៊ាន របស់កម្ពុជា ដែលជាសមិទ្ធិផលអាទិភាពរបស់កម្ពុជា២០២២។
ទី៤, នឹងអនុម័តលើគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ និងឡាប៊ែលអាស៊ាន៖ ភាពកក់ក្តៅ និងសុវត្ថិភាព (ASEAN Stamp: Warm & Safe) ដឹកនាំសម្របសម្រួលដោយកម្ពុជា។
ទី៥, នឹងកត់សម្គាល់លើវឌ្ឍនៈភាព នៃការចុះហត្ថលេខាលើពិធីសារស្តីពីវិសោធនកម្មនៃកិច្ចព្រមព្រៀងយោគយល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (Amendment of ASEAN Protocol of MRA-TP)៖ ពិធីសារនឹងដាក់ឱ្យចូលជាធរមាននូវមុខជំនាញទេសចរណ៍អាស៊ានស្ប៉ា (ដឹកនាំរៀបចំដោយកម្ពុជា) ចំនួន ៦ជំនាញ និងជំនាញម៉ាយចំនួន ៣២ជំនាញ នៅក្នុងកិច្ចព្រមព្រៀង MRA ដែលនឹងមានជំនាញអាស៊ានសរុបចំនួន ៧០ជំនាញ សម្រាប់ធ្វើការបណ្តុះបណ្តាលតាមស្តង់ដារួមអាស៊ាន ដើម្បីអាចបម្លាស់ទីការងារក្នុងតំបន់អាស៊ាន។
ទី៦, នឹងអនុម័តឯកសារផ្សេងៗទៀតដែលមានក្នុងកម្មវិធីវេទិកាទេសចរណ៍អាស៊ានដូចជា៖ របាយការណ៍ សេចក្តីប្រកាសព័ត៌មានជាដើម៕