បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha បានចោទសួរពីមូលហេតុនៃការផ្គត់ផ្គង់សាច់ជ្រូកខ្វះខាតនៅលើទីផ្សារក្នុងប្រទេសរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឲ្យតម្លៃសាច់ជ្រូកឡើងថ្លៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
លោកបាននិយាយកាលពីម្សិលមិញថា ការនាំចូលសាច់ជ្រូកអាចកាត់បន្ថយការខ្វះខាតនេះ ប្រសិនបើចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលត្រូវពិនិត្យជាមុនសិនថា តើការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងប្រទេស មានលក្ខណៈគ្រប់គ្រាន់ដែរឬទេ មុនពេលចាត់វិធានការបែបនេះ។
លោកឧត្តមសេនីយ បា្រយុទ្ធ បានលើកឡើងថា សូមយល់ថាការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកនាពេលបច្ចុប្បន្ននេះកើតមានតែប៉ុន្មានតំបន់ប៉ុណ្ណោះ មិនមែនទូទាំងប្រទេសទេ ហើយចំនួនជ្រូកងាប់ក៏មានមិនដល់ ២០%ដែរ។ ដូច្នេះ ហេតុអ្វីបានជាមានការខ្វះខាត? អ្វីមួយត្រូវតែកើតឡើង ហើយមនុស្សមួយចំនួនអាចជ្រៀតជ្រែកក្នុងដំណើរការនេះ។
កង្វះសាច់ជ្រូកត្រូវបានស្តីបន្ទោសចំពោះតម្លៃកើនឡើងពី ១៥០បាតក្នុងមួយគីឡូក្រាមដល់ ២១០-២៤០បាតក្នុងមួយគីឡូក្រាមក្នុងរយៈពេលត្រឹមតែពីរបីសប្តាហ៍ប៉ុណ្ណោះ ជាមួយនឹងកត្តារួមចំណែកមួយគឺការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF)។
លោកបានអះអាងថាថា លោកបានណែនាំក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងសហករណ៍ និងទីភ្នាក់ងារផ្សេងទៀត ឱ្យពិនិត្យមើលការកើនឡើងនៃតម្លៃផលិតផលប្រើប្រាស់។
នាយករដ្ឋមន្ត្រីថៃបាននិយាយថា៖ «ការដំឡើងតម្លៃត្រូវតែសមហេតុផល។ នៅពេលដែលថ្លៃដើមផលិតកម្ម ដូចជាប្រេងឥន្ធនៈកើនឡើងមួយបាត វាមិនសមហេតុផលទេក្នុងការដំឡើងតម្លៃផលិតផលប្រាំបាតនោះទេ។ កុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននៅពេលនេះ»។
ថ្មីៗនេះ តម្លៃសាច់ជ្រូកដែលឡើងថ្លៃត្រូវបានបន្តដោយការកើនឡើងនៃថ្លៃសេវា និងទំនិញផ្សេងទៀតដូចជា អង្ករ ស៊ុត បន្លែ និងផ្លែឈើ៕