ភ្នំពេញ៖ សណ្ឋាគារលំដាប់ផ្កាយ៥ថ្មីមួយទៀត គ្រោងបង្ហាញវត្តមានក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបចំពោះតម្រូវការផ្នែកបដិសណ្ឋារកិច្ច ខណៈកម្ពុជា កំពុងមានការរីកចម្រើន និងត្រៀមខ្លួនទទួលភ្ញៀវដែលធ្វើដំណើរកំសាន្ត។
សណ្ឋាគារលំដាប់ផ្កាយ៥នេះ គឺស្ថិតក្រោមគម្រោងរបស់ក្រុមហ៊ុន K.B.X INVESTMENT CO., LTD។ នេះបើតាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុន K.B.X INVESTMENT CO., LTD ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ។
ក្រុមហ៊ុនដែលទើបទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគនេះ នឹងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងបន្តថា ក្រុមហ៊ុននេះ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក នឹងអាចបង្កើតការងារបានចំនួន៧៣៧កន្លែង៕
អត្ថបទ៖លាង ឡា