Theguardian-
អង់គ្លេសបានចាប់ផ្តើមផ្គត់ផ្គង់អ៊ុយក្រែននូវអាវុធធុនស្រាល និងប្រឆាំងរថក្រោះក្នុងការឆ្លើយតបទៅនឹង “ការកើនឡើងនូវការគំរាមកំហែងពីរុស្សី" រដ្ឋមន្ត្រីក្រសួងការពារប្រទេសអង់គ្លេស Ben Wallace បានប្រកាស។ ការបន្ថែមនូវសព្វាវុធយោធាជាបន្ទាន់បានលេចចេញមក បន្ទាប់ពីវិមានក្រឹមឡាំងបានបង្កើនការពង្រាយកងទ័ពដោយបញ្ជូនកងទ័ពទៅ Belarus នៅជាប់នឹងព្រំប្រទល់អ៊ុយក្រែនភាគខាងជើង និងពិចារណាថាជាផ្លូវដែលទំនងជាងគេក្នុងការឈ្លានពានអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងការពារជាតិបានទទូចថា ការលក់អាវុធនេះក្នុងគោលបំណងការពារខ្លួន ទោះបីជាប្រធានាធិបតីរុស្សី Vladimir Putin ក្នុងពេលថ្មីៗនេះបានរអ៊ូថា មានការលក់អាវុធទំនើបទៅឲ្យអ៊ុយក្រែនពីលោកខាងលិច។
បន្ទាប់ពី Turkey បានលក់ដ្រូនដែលប្រឆាំងនឹងរថក្រោះ TB2 ទៅឲ្យអ៊ុយក្រែន Putin បាននិយាយទៅកាន់សមភាគីលោកប្រធានាធិបតី Recep Tayyip Edorgan និងបើតាមវិមានក្រឹមឡាំងបានពិពណ៌នាថាការលក់អាវុធនេះគឺជាការបង្កហេតុ។ "ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ថា ការផ្គត់ផ្គង់អាវុធនេះមានរយៈចម្ងាយខ្លី និងប្រាកដណាស់ថាវាជាអាវុធដែលមានសមត្ថភាពការពារខ្លួន វាមិនមែនជាអាវុធយុទ្ធសាស្ត្រទេ ហើយក៍មិនមានការគំរាមកំហែងដល់រុស្សីដែរ អាវុធនេះប្រើប្រាស់សំរាប់ការពារខ្លួន”។ Wallace បានបន្ថែម។ ប្រភពក្រសួងការពារជាតិអង់គ្លេសមិនបានបញ្ចេញឲ្យដឹងភ្លាមៗ ថាតើអាវុធប្រភេទណាហើយមានចំនួនប៉ុន្មានត្រូវបានផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន។
ទោះបីជាយ៉ាងណា អ្នកជំនាញការបាននិយាយថា ការផ្គត់ផ្គង់អាវុធទំនងជាអាវុធធុនស្រាល និងប្រឆាំងរថក្រោះ ដែលមានរយៈចម្ងាយពី២ទៅ៣រយម៉ែត្រ ក្នុងគោលបំណង ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងរថក្រោះធុនធ្ងន់របស់រុស្សី។ វាមានសមត្ថភាពស្រដៀងគ្នា ប៉ុន្តែមិនមានកម្លាំងខ្លាំងក្លាដូចមីស៊ីលប្រឆាំងរថក្រោះ Javelin ដែលផ្តល់ដោយសហរដ្ឋអាមេរិកទៅឲ្យអ៊ុយក្រែនកាលពីឆ្នាំ២០១៨។ ជាទ្រឹស្តី អាវុធធុនស្រាលអាចបំផ្លាញរថក្រោះមួយបានដោយបាញ់វាពីលើ។ គណបក្សការងារបាននិយាយថាខ្លួនគាំទ្រសេចក្តីប្រកាសនេះ ដែលបានរាយការណ៍ជាមុន។
John Healey រដ្ឋមន្ត្រីក្រសួងការពារជាតិស្រមោល បានពណ៌នាថានេះគឺជាអាវុធប្រឆាំងរថក្រោះ និងបាននិយាយថា អង់គ្លេសត្រូវតែធានាថា នឹងមិនត្រូវយកទៅប្រើប្រាស់ លុះត្រាណាតែរុស្សីឈ្លានពាន។ Wallace ក៏បាននិយាយផងដែរថា លោកនឹងអញ្ជើញសមភាគីរុស្សី Sergei Shoigu ដើម្បីជជែកជាទ្វេរភាគីនៅទីក្រុងឡុងដ៍ ទោះបីជានៅឆ្ងាយពីភាពច្បាស់លាស់ថាតើកិច្ចប្រជុំនេះអាចនឹងកើតមានបានដែរឬអត់?។ “យើងបានប្រុងប្រៀបរួចជាស្រេចក្នុងការជជែកពីកង្វល់នៃសន្តិសុខទៅវិញទៅមកនិងមានទំនាក់ទំនងក្នុងន័យស្ថាបនាក្នុងជំនឿដ៏ល្អ” រដ្ឋមន្ត្រីអង់គ្លេសបាននិយាយ៕