វៀតណាម៖ ការដោះពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) នៅក្នុងឆ្នាំ ២០២១កន្លងទៅនេះ សម្រេចបានតម្លៃទឹកប្រាក់សរុប ៦៣.៦ពាន់លានដុល្លារ កើនឡើង ១៤.៨ភាគរយ បើធៀបនឹងឆ្នាំ ២០២០។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានអះអាងថា ក្នុងឆ្នាំ ២០២១ វៀតណាមបាននាំចេញទំនិញមានតម្លៃ ៤៥.៨ពាន់លានដុល្លារទៅ EU កើនឡើង ១៤.២ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ខណៈការនាំចូលផលិតផលពី EU មានតម្លៃ ១៧.៩ពាន់លានដុល្លារពីទីផ្សារកើនឡើង ១៦.៥ភាគរយ។
ក្រសួងបានចាត់ទុកកំណើននេះ គឺកើតចេញពីលទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam (EVFTA) ដែលបានចូលជាធរមានជាងមួយឆ្នាំមុន។ គួរកត់សម្គាល់ថា ប្រាក់ចំណូលនាំចេញផលិតផលដោយប្រើវិញ្ញាបនបត្រនៃប្រភពដើម (C/O) EUR.1 ឈានដល់ប្រហែល ៧.៨ពាន់លានដុល្លារ ដែលបង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំងរបស់ក្រុមហ៊ុនវៀតណាមក្នុងការបង្កើនប្រសិទ្ធភាពនៃការលើកទឹកចិត្តពីកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាមនឹងកាត់បន្ថយពន្ធនាំចូល ៩៩ភាគរយពីការនាំចូលពីអឺរ៉ុបរបស់វៀតណាម។
កាលពីឆ្នាំមុន វៀតណាម គឺជាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទី២ ដែលជាដៃគូសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប បន្ទាប់ពីប្រទេសសិង្ហបុរី៕
អត្ថបទ៖ ថូ សិរីវឌ្ឍន៍