បន្ទាយមានជ័យ៖ នៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ដោយចងក សពមានសភាពហើមស្អុយ នៅចំណុចតាណុបតាជៃ ខាងលិចភូមភូមិគោកសំរោងលិច ចម្ងាយប្រមាណ២,៥០០ ម៉ែត្រ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលបាននិយាយថា សពមិនត្រូវបានគេស្គាល់អត្តសញ្ញាណភេទប្រុស អាយុប្រហែល ៤៨ឆ្នាំ កំពស់១,៧០ម៉ែត្រ ស្លៀកខោទាហ៊ាន ពាក់អាវបាត់រងាពណ៌អាច់សេះ ចងកនឹងខ្សែនីឡុងជរ័ពណ៌ស ភ្ជាប់នឹងដើមត្របែកព្រៃ មិនដឹងជាប៉ុន្មានថ្ងៃនោះឡើយ សពមានសភាពហើយរលួយស្អុយ។ ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងយើងបានចុះដល់កន្លែងកើតហេតុ និងបង្កើតគណៈកម្មការធ្វើការពិនិត្យសព ពុំឃើញមានស្លាកស្នាមអ្វីដែលគួរឲ្យសង្ស័យលើករណីឃាតកម្មទេ ហើយគ្រូពេទ្យសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន។ បន្ទាប់ធ្វើការផ្សព្វផ្សាយ នៅវេលាម៉ោង០៨យប់ថ្ងៃទី១០ ខែមករា ដដែល ទើបមាន ឈ្មោះខឹម បុរី អាយុ៤០ឆ្នាំ ត្រូវជាប្រពន្ធរបស់សព បានបញ្ជាក់អះអាងថាបុរសដែលស្លាប់ខាងលើគឺជាប្ដីរបស់ខ្លួន។ គាត់មានឈ្មោះ តេង កុសល់ ភេទ ប្រុស អាយុ៤៦ ឆ្នាំ រស់នៅភូមិ ហ្លួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ថា៖ តាមការបំភ្លឺពីក្រុមគ្រួសារឲ្យដឹងថា ប្តីរបស់គាត់កាលពី១សប្តាហ៍មុន ធ្លាប់បានមកមើលកន្លែងដឹកដីធ្វើផ្លូវចូលស្រែនៅចំណុចខាងលើ ជាមួយឈ្មោះ ឈុន ណា ភេទប្រុស រស់នៅស្រុកមង្គលបូរី ជាមួយគ្នា។ ម្យ៉ាងកាលពីប្រហែលជា ១ខែមុនគាត់ក៏ធ្លាប់រត់ចង.កបំណងធ្វើអត្តឃាត នៅផ្ទះដែរម្តងតែមិនបានសម្រេច ដោយមានការជួយទាន់។ ក្រោយមក គាត់បានបាត់ខ្លួនពីផ្ទះ តាំងពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ តែរកមិនឃើញលុះដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មានដំណឹងថាមានមនុស្សចង.កធ្វើអត្តឃាត នៅស្រុកថ្មពួក ដោយមានការសង្ស័យក៏មកមើលផ្ទាល់ទើបដឹងថាជាប្តីរបស់គាត់។ ហើយមូលហេតុដែលគាត់មានបំណងធ្វើអត្តឃាតនេះ ដោយសារតែមានជម្ងឺបាក់ទឹកចិត្ត (Depression) ធ្ងន់ធ្ងរ៕