បាត់ដំបង៖ ពលករខ្មែរចំនួនជាង២០០នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ ចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយពេលចាញ់បោកមេខ្យល់ឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។
របាយការណ៍របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងយោធា និងក្រុមគ្រូពេទ្យ បានទទួលពលករចំនួន ២៣០នាក់ វិលត្រឡប់មកស្រុកវិញ ដែលភាគីថៃ បានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។
របាយការណ៍ដដែលបានបញ្ជាក់ថា ចំនួនពលករ២៣០នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស និងពុំមានជំងឺកូវីដ-១៩ នោះទេ ប៉ុន្តែពលករចំនួន៤៤នាក់ ស្រី២២នាក់, ក្មេង៥នាក់, ស្រី៣នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌុលគីឡូ៩ ស្រុកសំពៅលូន ខណៈពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន១៨៦នាក់ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។
គួរកត់សម្គាល់ថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តជាប់ព្រំដែន និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យវាយតម្លៃអំពីការអនុវត្តវិធានការនានា ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបការនាំពលរដ្ឋកម្ពុជា និងជនបរទេសចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងបទល្មើសនានាឆ្លងកាត់ព្រំដែន។
នៅក្នុងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យយកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាប បណ្តាញមេក្លោង និងមេខ្យល់ ក្នុងប្រទេសដែលធ្វើសកម្មភាពនាំ ពលរដ្ឋកម្ពុជា និងជនបរទេសឆ្លងកាត់ព្រំដែនខុសច្បាប់ និងទំនាក់ទំនងជាមួយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ប្រទេសជិតខាង ដើម្បីសហការបង្ក្រាបបណ្តាញមេក្លោង និងមេខ្យល់ពីខាងក្រៅ សំដៅកាត់ផ្តាច់ខ្សែរយៈទំនាក់ទំនងប្រព្រឹត្តបទល្មើស និងលុបបំបាត់ឱ្យបានជាដាច់ខាតនូវការលួច ចេញ-ចូល តាមច្រកមិនផ្លូវការនៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងធ្វើការពិនិត្យ និងរៀបចំនូវកម្លាំងឈរជើងឱ្យបានសមស្រប ដើម្បីល្បាតត្រួតពិនិត្យទប់ស្កាត់ការលួចចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតាមខ្សែបន្ទាត់ ព្រំដែនដែលមានភូមិសាស្ត្រស្មុគស្មាញ៕
អត្ថបទ៖លាង ឡា