ភ្នំពេញ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ កំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណ ក្រុមចោរប្រដាប់អាវុធ ដែលធ្វើសកម្មភាព បាញ់ប្លន់បុរសជនជាតិចិន មិនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចខុនដូរមួយកន្លែង នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
មន្រ្តីកងរាជអាវុធហត្ថ ខណ្ឌចំការមន សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ករណីប្លន់ប្រដាប់អាវុធនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ ហើយពុំទាន់អាចបញ្ចេញព័ត៌មានបានទេ។ មន្រ្តីកងរាជអាវុធហត្ថដដែល បានបញ្ជាក់ថា សមត្ថកិច្ចកំពុងស្រាវជ្រាវតាមរយៈវត្តុតាង ដែលក្រុមជនសង្ស័យ បានបន្សល់ទុកនៅទីតាំងកើតហេតុ។
សូមបញ្ជាក់ថា នៅទីតាំងកើតហេតុ សមត្ថកិច្ចប្រមូលបានវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាក AIR BLADT ពណ៌ក្រហមលាយស ពាក់ស្លាកលេខកំពង់ស្ពឺ ១F-៧៧២០ និងអាវុធខ្លី១ដើម ដែលត្រូវបានបញ្ជាក់ថា ជារបស់ក្រុមចោរប្លន់។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ក្រុមជនសង្ស័យមានបក្សពួកយ៉ាងតិច ចំនួន៤នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាក AIR BLADT និងរថយន្ត១គ្រឿងទៀត មិនស្គាល់ម៉ាក បានធ្វើសកម្មភាពប្រដាប់ដោយអាវុធប្លន់យកកាបូបរបស់បុរសជាជនជាតិចិនម្នាក់ ដែលកំពុងចុះពីរថយន្ត ត្រៀមដើរឡើងខុនដូរ។ ប៉ុន្តែសកម្មភាពប្លន់នេះ ពុំបានសម្រេចឡើយ ដោយសារមានការប្រទាញប្រទង់ពីជនរងគ្រោះ ហើយស្រែកឆោឡោផ្អើលដល់អ្នកជិតខាង រហូតដល់ក្រុមចោរផ្ទុះអាវុធ ហើយរត់ចូលរថយន្តបក្ខពួកដែលកំពុងរង់ចាំ បើកគេចខ្លួនបាត់តែម្តង។
ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះជាជនជាតិចិន ពុំបានបាត់បង់ទ្រព្យសម្បត្តិនោះទេ ប៉ុន្តែបានរងរបួសនៅពេលប្រទាញប្រទង់ជាមួយក្រុមចោរប្លន់៕
អត្ថបទ៖លាង ឡា