BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើអ្វីទៅជាអង្គការសហប្រជាជាតិ?

ថ្ងៃចន្ទ, 17 ខែមករា 2022 11:08  ហេង សំណាង

photo_2022-01-17_10-59-23c

សន្តិសុខនិងសន្តិភាពរបស់ពិភពលោកពិតជាមានសារៈសំខាន់ជាសារាវ័ន្តសម្រាប់មនុស្សជាតិ។ ក្រោយពីបានហែលឆ្លងកាត់នូវសោកនាដកម្មនិងវិនាសកម្មដ៏ស្រើបស្រួច ដែលបណ្តាលមកពីសង្គ្រាមជាច្រើនលើកច្រើនសារ ជាពិសេសនោះសង្គ្រាមលោកលើកទី១និងទី២ ដែលបានធ្វើឲ្យពិភពលោកទាំងមូលបានបង់នូវធនធានសព្វបែបយ៉ាង ជាពិសេសធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើនមហិមា។ បន្ថែមពីនេះ បន្ទាប់ពីការបញ្ចប់ទៅនៃសង្គ្រាមលោកលើកទី១ យើងឃើញមានការបង្កើតអង្គការអន្តរជាតិមួយដែលមានឈ្មោះថា« សង្គមប្រជាជាតិ»(League of Nations) ដើម្បីស្វែងរកសន្តិភាពជូនពិភពលោកនៅក្នុងឆ្នាំ១៩១៩។ ទោះបីជាយ៉ាងណាក៏ដោយ សង្គមប្រជាជាតិមិនបានមានវត្តមានយូរនោះទេ ដោយសារពុំមានការសហការក៏ដូចជាការចូលរួមពីបណ្តាពួកមហាអំណាចគ្រប់ភាគី  ដែលនាំឱ្យអង្គការអន្តរជាតិមួយនេះបានរលំរលាយទៅក្នុងឆ្នាំ១៩៤៦។ បន្ទាប់ពីសង្រ្គាមលោកលើកទី២បានអស់ទៅនូវចំហេះរបស់ខ្លួនហើយ ក៏មានការផ្តួចផ្តើមបង្កើតនូវអង្គការអន្តរជាតិមួយទៀតដែលមានឈ្មោះថា«អង្គការសហប្រជាជាតិ»ដែលវាត្រូវបានបំផុសគំនិតបង្កើតឡើងដំបូងដោយប្រធានាធិបតីទី៣២ របស់សហរដ្ឋអាមេរិកលោក Franklin D. Roosevelt ហើយបានមានរូបរាងជាផ្លូវការនៅក្នុងឆ្នាំ១៩៤៥ បន្ទាប់ពីការបញ្ចប់ទៅនៃសង្គ្រាមលោកលើកទី២។ អមជាមួយគ្នានេះ អង្គការសហប្រជាជាតិបាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់ នៅក្នុងការថែរក្សានូវសន្តិសុខនិងសន្តិភាពដល់ពិភពលោកផងដែរ។ ដូច្នេះនៅក្នុងអត្ថបទនេះនឹងពន្យល់ថាតើអ្វីទៅជាអង្គការសហប្រជាជាតិ ភ្ជាប់មកជាមួយគោលបំណងនិងស្ថាប័នសំខាន់ៗរបស់វាផងដែរ។ 

photo_2022-01-17_10-49-38m

តើអ្វីទៅគឺជាអង្គការសហប្រជាជាតិ? 
អង្គការសហប្រជាជាតិ គឺជាអង្គការអន្តរជាតិមួយដែលអនុញ្ញាតិឱ្យប្រទេស ដែលមានឯករាជ្យភាពពេញលេញទាំងឡាយនៅលើពិភពលោកអាចចូលជាសមាជិកភាពបាន ហើយប្រទេសជាច្រើននៅលើពិភពលោកសុទ្ធតែជាសមាជិកនៃអង្គការមួយនេះ ដែលពួកគេបានរួមគ្នាធ្វើការដើម្បីសន្តិភាពពិភពលោក និងវឌ្ឍនភាពសង្គម។ ម្យ៉ាងវិញទៀត វាបានចូលជាធរមានជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ១៩៤៥ ដោយមានប្រទេសចំនួន៥១ ដែលជាសមាជិកសហស្ថាបនិក ដែលបន្ទាប់មកនៅចុងឆ្នាំ 2008 សមាជិកភាពរបស់អង្គការសហប្រជាជាតិបានកើនឡើងដល់ 193ប្រទេស។ ចាប់ តាំង ពី ការ បង្កើត អង្គការនេះមក គ្មាន ប្រទេស ណា មួយ ត្រូវ បាន បណ្តេញ ចេញ ពី សមាជិកភាព ឡើយ ថ្វីបើឥណ្ឌូនេស៊ីត្រូវ បាន ព្យួរនូវសមាជិកភាពរបស់ខ្លួនជាបណ្តោះអាសន្នពី អង្គការ សហប្រជាជាតិ ក្នុង ឆ្នាំ១៩៦៥ ជុំវិញ ជម្លោះ ជាមួយ ម៉ាឡេស៊ី ជា ប្រទេស ជិតខាង ក៏ប៉ុន្តែប្រទេសនេះបានបន្តសមាជិកភាពរបស់ខ្លួនឡើងវិញ នៅឆ្នាំ១៩៦៦។ បន្ថែមពីនេះ គោលបំណងនៃការបង្កើតអង្គការអន្តរជាតិនេះឡើងមាន៤ចម្បងផងដែរ។ ទី១ ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដែលនេះមានន័យថាអង្គការមួយនេះធានា រួមទាំងការពារមិនឱ្យមានការគំរាមកំហែងណាមួយ ដែលបណ្តាលមកពី សន្តិសុខបែបប្រពៃណី និងមិនប្រពៃណី ជាពិសេសនោះអំពើឈ្លានពាននិងជម្លោះអន្តរជាតិផ្សេងៗ ដែលជាដើមចមនៃការបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកនោះទេ។ ទី២ ដើម្បីពង្រឹងនូវទំនាក់ទំនងមិត្តភាពមិនថាទ្វេភាគីឬពហុភាគីនោះទេក្នុងចំណោមប្រជាជាតិនានា ដែលទំនាក់ទំនងនេះត្រូវផ្អែកទៅគោលការណ៍គោរពសិទ្ធិស្មើគ្នា ក៏ដូចជាការសម្រេចចិត្តផ្សេងៗដែលស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ និងរួមគ្នាជាថ្លុងមួយដើម្បីនាំមកនូវសន្តិភាពសម្រាប់ពិភពលោកផងដែរ។ ទី៣ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាទាំងឡាយ ដែលបាននិងកំពុងប្រឈមពិភពលោក ដែលមានដូចជាការរំលោភសិទ្ធិមនុស្ស ភេវរកម្មអន្តរជាតិ ការប្រែ ប្រួលអកាសធាតុ និងការជួញដូរមនុស្សជាដើម។ល។ ទី៤ ដើម្បីជាមជ្ឈមណ្ឌលសម្របសម្រួលសកម្មភាពរបស់ប្រជាជាតិនានា ព្រមទាំងកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវគោលដៅផ្សេងៗក្នុងពិភពលោក ជាពិសេសេនោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG)របស់អង្គការសហប្រជាជាតិ។
 
ស្ថាប័នសំខាន់ៗរបស់អង្គការសហប្រជាជាតិ
បច្ចុប្បន្ននេះអង្គការសហប្រជាជាតិមានស្ថាប័នចំនួន៦ ប៉ុន្តែស្ថាប័នសំខាន់ៗហើយកំពុងដំណើរការមានតែចំនួន៥ប៉ុណ្ណោះ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍពិភពលោក។

 ទី១លេខាធិការដ្ឋាន (Secretariat) ៖គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័ននានារបស់អង្គការសហប្រជាជាតិ ដែលមានអគ្គលេខាធិកាគឺជាប្រធាននៃមន្ត្រីរដ្ឋបាលទាំងឡាយរបស់អង្គការអន្តរជាតិមួយនេះ ដែលត្រូវបានតែងតាំងដោយមហាសន្និបាតដោយទទួលបានអនុសាសន៍ពីក្រុមប្រឹក្សាសន្តិសុខ ដែលមានអាណត្តិរយៈពេល៥ឆ្នាំទើបធ្វើការផ្លាស់ប្តូរម្តង ដោយមានតួនាទីគ្រប់គ្រងនិងជួយសម្របសម្រួលសកម្មភាពផ្សេងៗរបស់អង្គការសហប្រជាជាតិ។ បន្ថែមពីនេះ ភារកិច្ចចម្បងដែលត្រូវអនុវត្តដោយលេខាធិការដ្ឋាន មានដូចជា បេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ក៏ដូចជាសម្របសម្រួលជម្លោះអន្តរជាតិ ដែលបេសកកម្មទាំងនេះគឺមានភាពគ្រោះថ្នាក់យ៉ាងខ្លាំងនៅក្នុងប្រទេសដែលសម្បូរទៅដោយអំពើហិង្សា ដែលជាក់ស្តែងយើងឃើញថាបុគ្គលិកដ៏អង់អាចរាប់រយនាក់របស់អង្គការសហប្រជាជាតិទាំងបុរសនិងស្ត្រីបានធ្វើពលីកម្មនៅក្នុងបុព្វហេតុមួយនេះ។

ទី២មហាសន្និបាត (General Assembly) ៖គឺជាស្ថាប័នដ៏ធំមួយដែលសមាជិករបស់អង្គការសហប្រជាជាតិទាំង១៩៣គឺមានវត្តមាននៅក្នុងទីនេះ ដែលជារៀងរាល់ឆ្នាំនៅក្នុងខែ៩ មេដឹកនាំរដ្ឋទាំងឡាយនៅពិភពលោកបានជួបប្រជុំគ្នានៅឯទីក្រុងញូវយ៉កដើម្បីពិភាក្សាក៏ដូចជាធ្វើការជជែកដេញដោលគ្នាទៅលើបញ្ហាសន្តិភាព និងសន្តិសុខរបស់ពិភពលោក ពាក់ព័ន្ធជាមួយការអនុញ្ញាតិឱ្យចូលជាសមាជិកថ្មី រួមទាំងការតែងតាំងអគ្គលេខាធិការ ការជ្រើសរើសសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ និងការអនុម័តថវិការបស់អង្គការសហប្រជាជាតិ  ព្រមទាំងត្រួតពិនិត្យគោលការណ៍គ្រប់គ្រងការរំសាយអាវុធ និងបទប្បញ្ញត្តិនៃសព្វាវុធក្នុងពិភពលោក។

ទី៣ក្រុមប្រឹក្សាសន្តិសុខ (Security Council) ៖គឺជាស្ថាប័នដែលមាននាទីចម្បងនៅក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ដែលវាមានសមាជិករហូតដល់ទៅ១៥(៥ជាសមាជិកអចិន្ត្រៃយ៍ និង១០ទៀតជាសមជាជិកមិនអចិន្ត្រៃយ៍)ដែលសមាជិកនីមួយៗមានសម្លេងមួយម្នាក់។ ម្យ៉ាងវិញទៀត ក្រុមប្រឹក្សាសន្តិសុខត្រូវបានផ្តល់សិទ្ធិអំណាចយ៉ាងពេញលេញក្នុងការត្រួតពិនិត្យមើលសុខសុវត្ថិភាពលើរដ្ឋជាសមាជិកទាំង193របស់អង្គការសហប្រជាជាតិ ហើយសមាជិកទាំងអស់ត្រូវប្រតិបត្តិតាមការសម្រេចចិត្តរបស់ក្រុមប្រឹក្សាផងដែរ។ មិនប៉ុណ្ណោះវាមានតួនាទីវាយតម្លៃការគំរាមកំហែងដល់សន្តិសុខអន្តរជាតិ រួមមានសង្គ្រាមស៊ីវិល គ្រោះធម្មជាតិ ការរីកសាយអាវុធ និងអំពើភេវរកម្ម ព្រមទាំងមានសិទ្ធិនៅក្នុងការអំពាវនាវឱ្យភាគីជម្លោះបញ្ចប់នូវជម្លោះដោយសន្តិវិធីផងដែរ។ ក្នុងករណីខ្លះទៀតក្រុមប្រឹក្សាមាននូវអភ័យឯកសិទ្ធិដើម្បីដាក់ទណ្ឌកម្មឬក៏ប្រើប្រាស់កងកម្លាំងទៅលើរដ្ឋណាមួយដែលមិនគោរពតាមបទប្បញ្ញត្តិដើម្បីថែរក្សានិងការពារនូវសន្តិភាពនិងសន្តិសុខអន្តរជាតិ។ 

ទី៤ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម (Economic and Social Council) ៖គឺជាស្ថាប័នដ៏សំខាន់មួយដែរ ដែលដើរតួនាទីជាអ្នកសម្របសម្រួល ការត្រួតពិនិត្យគោលនយោបាយ ការសន្ទនាគោលនយោបាយ និងផ្តល់អនុសាសន៍ស្តីពីបញ្ហាសេដ្ឋកិច្ច សង្គមនិងបរិស្ថាន ព្រមទាំងមានភារកិច្ចអនុវត្តនូវកិច្ចព្រមព្រៀងគោលដៅអភិវឌ្ឍន៍អន្តរជាតិផងដែរ។ ស្របគ្នានេះ វាក៏បានផ្តល់ជាយន្តការកណ្តាលសម្រាប់សកម្មភាពផ្សេងៗរបស់អង្គការសហប្រជាជាតិ ដែលភ្នាក់ងារជំនាញរបស់វាមានជំនាញទៅលើវិស័យសេដ្ឋកិច្ច សង្គមនិងបរិស្ថាន។ មិនត្រឹមតែប៉ុណ្ណោះ វាគឺជាវេទិកាកណ្តាលរបស់អង្គការនេះដើម្បីធ្វើការឆ្លុះបញ្ចាំង ជជែកពិភាក្សា និងស្វែងរកគំនិតនវានុវត្តន៍ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

 ទី៥តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice) ៖គឺជាស្ថាប័នតុលាការតែមួយគត់របស់អង្គការសហប្រជាជាតិដែលមានសក្តានុពលទាំងយុត្តាធិការទូទៅ និងជាសាកល ហើយជារឿយៗវាត្រូវបានគេហៅថា «តុលាការពិភពលោក»ដែលសមាជិកទាំង193ប្រទេសនៃអង្គការសហប្រជាជាតិ គឺជាភាគីនៃស្ថាប័នតុលាការ ICJ ដោយស្វ័យប្រវត្តិ។ ហើយតួនាទីរបស់វាគឺដើម្បីដោះស្រាយរឿងក្តី ដែលស្របតាមច្បាប់អន្តរជាតិ និងជម្លោះផ្លូវច្បាប់ដែលបានស្នើដោយរដ្ឋនីមួយៗ ដើម្បីផ្តល់នូវដំបូន្មានឬក៏ទស្សនៈទៅលើសំណួរបានចោទឡើង ព្រមទាំងបំពេញតួនាទីទៅតាមលក្ខន្តិកៈ ដែលបានចែងផងដែរ។  

   សរុបមក អង្គការសហប្រជាជាតិបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខរបស់ពិភពលោក ព្រមទាំងវឌ្ឍនភាពនៃសង្គម សេដ្ឋកិច្ច និងសណ្តាប់នយោបាយ។ ទោះបីជាមានទាំងចំណុចល្អនិងចំណុចឆកល្វែងដើរទទឹមគ្នាក៏ដោយ ក៏អង្គការមួយនេះនៅតែជាក្តីសង្ឃឹមតែមួយគត់សម្រាប់មនុស្សជាតិ។ ជារៀងរាល់ឆ្នាំគណៈប្រតិភូតំណាងឱ្យប្រទេសសមាជិកជួបប្រជុំនិងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកនៅក្នុងវេទិកាមហាសន្និបាតដើម្បីស្វែងរកចំណុចខ្វះខាតមកកែលម្អឡើងវិញ។ ម្យ៉ាងវិញទៀត អត្ថិភាពរបស់វាគឺមិនអាចខ្វះបានទេចំពោះពិភពលោក ដែលកំពុងតែហ៊ុមព័ទ្ធទៅដោយភាពតានតឹង ការកើនឡើងកម្តៅនៃប្រកួតប្រជែងគ្នារបស់ពួកមហាអំណាចមិនថារឿងមនោគមវិជ្ជានយោបាយផ្ទុយគ្នា បច្ចេកវិទ្យា និងសេដ្ឋកិច្ច ភ្ជាប់ជាមួយជម្លោះសាសនា ការប្រែប្រួលអាកាសធាតុ និងភេរវកម្មអន្តរជាតិ ដែលបញ្ហាទាំងអស់នេះទាមទារចាំបាច់ណាស់ដើម្បីរួមគ្នាដោះស្រាយ ពីព្រោះថាគ្មានរដ្ឋណាមួយដែលអាចដោះស្រាយដោយឯកឯងបាននោះទេ។

photo_2019-12-15_13-09-44m

អត្ថបទដោយ៖ ដារី សៀវ ជានិស្សិតទំនាក់ទំនងអន្តរជាតិ ។


ថ្ងៃចន្ទ, 17 ខែមករា 2022 11:08  ហេង សំណាង