តៃវ៉ាន់៖ តៃវ៉ាន់បានសម្រចផ្អាកការនាំចូលសាច់ជ្រូក ឬផលិតផលសាច់ជ្រូកពីប្រទេសថៃ នឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) ត្រូវបានបញ្ជាក់នៅក្នុងប្រទេសថៃនៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់កណ្តាលរបស់តៃវ៉ាន់ (CEOC) បានព្រមានថា អ្នកណាម្នាក់ដែលព្យាយាមនាំយកសាច់ជ្រូក ឬផលិតផលសាច់ជ្រូកពីប្រទេសថៃតាមអាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ នឹងត្រូវពិន័យជាប្រាក់ ២០០.០០០ដុល្លារតៃវ៉ាន់ (២៤១.០០០បាត)។
ប្រភពខាងលើនេះបានបន្ថែមថា អ្នកបំពានអាចត្រូវបានបដិសេធមិនឱ្យចូលប្រទេស និងនិរទេស។
ការព្រមាននេះត្រូវបានចេញបន្ទាប់ពីនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វនៃប្រទេសថៃកាលពីថ្ងៃអង្គារបានរកឃើញករណី ASF នៅកន្លែងសត្តឃាតមួយក្នុងខេត្ត Nakhon Pathom។ អាជ្ញាធរថៃបានបដិសេធម្តងហើយម្តងទៀតនូវការផ្ទុះឡើងនៃជំងឺ ASF ហើយកាលពីមុនបានសន្មតថាការស្លាប់ជ្រូកក្នុងកសិដ្ឋានភាគច្រើនបណ្តាលមកពីជំងឺមេរោគមួយទៀតហៅថា porcine reproductive និង respiratory syndrome។
កាលពីខែធ្នូ CEOC បានរកឃើញសាច់ក្រកពីប្រទេសថៃមានផ្ទុកមេរោគ ASF ប៉ុន្តែនាយកដ្ឋានថៃបានអះអាងថា ការចម្លងរោគនេះអាចបណ្តាលមកពីសាច់ជ្រូកដែលត្រូវបានរត់ពន្ធចូលក្នុងប្រទេស ព្រោះគ្មានករណីជំងឺ ASF ត្រូវបានរកឃើញនៅក្នុងប្រទេសថៃនោះទេ។
ប្រទេសថៃបានហាមឃាត់ការនាំចេញជ្រូកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រហូតដល់ថ្ងៃទី ៥ ខែមេសា ក្នុងការប៉ុនប៉ងដើម្បីដោះស្រាយការកើនឡើងនៃតម្លៃសាច់ជ្រូកនៅក្នុងប្រទេស៕