ភ្នំពេញ៖ ប្រទេសកម្ពុជា បាននាំចេញផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែក ជើង និងការបូបធ្វើដំណើរក្នុងតម្លៃទឹកប្រាក់ជិត ១០ពាន់លានដុល្លារ នៅឆ្នាំ ២០២១ បើទោះ បីជាពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ១៩ក៏ដោយ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ផលិតផលវាយនភណ្ឌកាត់ដេររបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ នៅតែបន្តក្លាយជាទំនិញនាំចេញដ៏សំខាន់របស់កម្ពុជា ដែលមានចំណែកដល់ទៅ ៦៣ភាគរយ នៃទំហំទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា បើទោះបីរាជរដ្ឋាភិបាលកំពុងធ្វើពិពិធកម្មនាំចេញផលិតផលមិនមែនកាត់ដេរ ដែលនាំទៅដល់ការថមថយក្នុងចំណែកទឹកប្រាក់នាំចេញសរុបជាបណ្តើរៗក៏ដោយក្តី។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងនៅក្នុងសន្និបាតលើកទី ១៥របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីម្សិលមិញថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ និងនៅតែជាវិស័យនាំចេញសំខាន់ជាងគេរបស់កម្ពុជា ដោយកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះមានអត្រាប្រហែល ១០%។
លោកបានបញ្ជាក់ថា ទោះបីជាមានការធ្លាក់ចុះបន្តិចបន្តួច នៅក្នុងឆ្នាំ២០២០ តែបានងើបឡើងវិញបានយ៉ាងល្អចាប់ពីឆ្នាំ២០២១ ជាក់ស្តែង នៅក្នុងឆ្នាំ២០២១ ទឹកប្រាក់នាំចេញសរុបនៃវិស័យនេះមានប្រមាណជិត ១០ពាន់លានដុល្លារ ឬប្រមាណ ៦៣ភាគរយនៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តថា គិតត្រឹមចុងឆ្នាំ ២០២១ រោងចក្រ សហគ្រាសដែលបានចុះបញ្ជីផ្លូវការក្នុងវិស័យនេះបានកើនដល់ប្រមាណជាង ១.២០០រោងចក្រ ដែលផ្តល់ការងារក្នុងប្រព័ន្ធដល់កម្មករនិយោជិតប្រមាណជិត ១លាននាក់។
សូមជម្រាបថា ទីផ្សារនាំចេញធំបំផិតសម្រាប់ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលកាបូបសម្រាប់ធ្វើដំណើរ របស់កម្ពុជា គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕