ក្រុមហ៊ុនអូស្រ្ដាលី Renaissance Mineral Limited (Cambodia) ចម្រាញ់រ៉ែមាសបានជិត ១៥០០គីឡូក្រាម ក្នុងរយៈពេល៧ខែដំបូងខណៈក្រសួងរ៉ែនិងថាមពលបន្តដាក់ក្តីរំពឹងខ្ពស់ថា ដំណើរផលិតកម្មចម្រាញ់រ៉ែមាសនឹងនៅតែអាចសម្រេចបានទៅតាមផែនការដែលគ្រោងទុកគឺ៣តោននៅក្នុង១ឆ្នាំ។ នេះបើតាមលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ក្នុងពិធីប្រគល់ទទួលអគារទីស្តីការក្រសួងរ៉ែនិងថាមពលទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសុក្រ ទី១៤ មករាម្សិលមិញ។
លោក ស៊ុយ សែម ថ្លែងថា ការចម្រាញ់រ៉ែមាសនៅកម្ពុជានៅខេត្ត មណ្ឌលគីរី ដោយក្រុមហ៊ុនអូស្រ្តាលី Renaissance Mineral គឺមានប្រមាណជិត ១៥០០គីឡូ ឬស្មើនឹង ១១០ដុំមាស ក្នុងរយៈពេលជាង ៧ខែ កន្លងមកនេះ។ ខណៈដែលក្រុមហ៊ុនអូស្រ្តាលីមួយនេះបានអះអាងថា អាចផលិតមាសសុទ្ធបាន៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះអះអាងទៀតថា នឹងពង្រីកអាជីវកម្មរបស់ខ្លួនឲ្យកាន់ធំថែមទៀតក្រោយរយៈពេល ៨ឆ្នាំដំបូងនេះដោយមាស នឹត្រូវនាំចេញទៅបន្សុទ្ធនៅក្រៅប្រទេស ដូចជាប្រទេសសឹង្ហបុរី និងអូស្ត្រាលីជាដើម។
គួរបញ្ចាក់ថាអាជីវកម្មរ៉ែមាសដ៏ធំនិងជាលើកដំបូងនេះវិនិយោគដោយក្រុមហ៊ុន អូស្ត្រាលី ឈ្មោះ Renaissance Minerals Limited (Cambodia) ស្ថិតនៅតំបន់ អូខ្វាវ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ត្រូវដាក់ឲ្យដំណើរការចម្រាញ់រ៉ែមាសចាប់ពីថ្ងៃទី២១ ខែមិថុនា ២០២១កន្លងទៅ។ ក្រុមហ៊ុន Renaissance Minerals ជាក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសខ្នាតអន្តរជាតិដោយផលិតចេញជាមាសដុំពាក់កណ្តាលសម្រេច ៩០% ។
គួររំលឹកថាសម្តេច ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា នេះជាមោទនភាពសម្រាប់កម្ពុជាក្នុងការដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសជាលើកដំបូងរបស់ខ្លួន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថា នឹងទទួលបានផលប្រយោជន៍ជាចំណូលដុលជាមធ្យម ១៨៥លានដុល្លារ ក្នុងមួយឆ្នាំដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗប្រមាណ៤០លានដុល្លារ ក្នុងមួយឆ្នាំ។
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ លោក អ៊ឹង ឌីប៊ូឡា ថ្លែងបញ្ចាក់សារព័ត៌មានក្នុងស្រុកថា មានក្រុមហ៊ុនរុករករ៉ែមាសចំនួន ៤បន្ថែមទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២២នេះ ក្នុងនោះ ៣ក្រុមហ៊ុន ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិនមានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី និងមួយទៀតជាក្រុមហ៊ុនឥណ្ឌា ដែលមានទីតាំងនៅខេត្តរតនគិរី៕