ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ តម្លៃផលិតផលកសិកម្មសរុបមានទំហំ ១៨ពាន់លានដុល្លារ កើនជាង ៤៣% ធៀបទៅនឹងឆ្នាំ២០២០ ក្នុងនោះតម្លៃផលិតផលសរុបផ្នែកដំណាំមានទំហំ ១០,៥ពាន់លានដុល្លារ តម្លៃផលិតផលសរុបផ្នែកសត្វមានទំហំ ៥,១ពាន់លានដុល្លារ តម្លៃផលិតផលផ្នែកជលផលមានទំហំ ១,៧ពាន់លានដុល្លារ តម្លៃផលិតផលផ្នែកព្រៃឈើមានទំហំជាង ៧៨,៦៣លានដុល្លារ និងតម្លៃផលិតផលសរុបផ្នែកកៅស៊ូមានទំហំជាង ៦០៤លានដុល្លារ ។ ដោយឡែកតម្លៃនៃការនាំចេញផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ២០២១ មានទំហំជាង ៥ពាន់លានដុល្លារ គឺមានកំណើន ២៥% ធៀបទៅនឹងឆ្នាំ២០២០។
លោក វេង សានខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ទោះជាមានសន្ទុះនៃការរីកចម្រើនយ៉ាងណាក្តី ក៏វិស័យកសិកម្មនៅជួបបញ្ហាប្រឈមជាច្រើនផងដែរ មានជាអាទិ៍ ផលិតភាពកសិកម្មនៅមានកម្រិតទាប គួបផ្សំនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ក៏មានការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងប្រទេសក៏ដូចជាការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មផងដែរ។
លោកបញ្ជាក់ថា ការផ្ទេរបច្ចេកទេសកសិកម្មទំនើបដល់កសិករ នៅពុំទាន់បានគ្រប់គ្រាន់ស្របតាមសេចក្តីត្រូវការជាក់ស្តែងក្នុងបរិបទនៃការប្រែប្រួលបច្ចេកវិទ្យាទំនើប។ ការផ្គត់ផ្គង់ទឹកកសិកម្មនៅពុំទាន់គ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់របស់កសិករនៅឡើយ ពិសេសនៅពេលដែលកសិករជួបប្រទះគ្រោះរាំងស្ងួត។ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មដទៃទៀតដូចជាផ្លូវ កសិដ្ឋាន ដើម្បីសម្រួលការដឹកជញ្ជូនផលិតផលរបស់កសិករ ប្រព័ន្ធស្តុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ នៅមិនទាន់បង្កើតបានគ្រប់គ្រាន់សម្រាប់ការធ្វើកសិ-ពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាព សម្រាប់បម្រើឱ្យការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ គួបផ្សំនឹងតម្លៃអគ្គិសនីផងដែរ។ លើសពីនេះទៀត កត្តាប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតបានវាយលុកមកលើផលិតកម្មដំណាំកសិកម្ម បញ្ហាជំងឺឆ្លងសត្វ និងការទន្ទ្រានកាន់កាប់ដីព្រៃឈើ ព្រៃលិចទឹកនៅតំបន់មួយចំនួននៅតែកើតមានដែលត្រូវតែចាត់វិធានការដោះស្រាយឱ្យបានខ្លាំងក្លាបន្ថែមទៀត។
ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យនេះ លោករដ្ឋមន្ត្រី វេង សាខុន មានប្រសាសន៍ថា គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ដែលត្រូវបាន និងកំពុងរៀបចំឡើង នឹងឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ព្រមទាំងមានសង្គតិភាពទៅនឹងឯកសារគោលនយោបាយ និងយុទ្ធសាស្ត្ររបស់អន្តរស្ថាប័នពាក់ព័ន្ធផ្សេងៗផងដែរ។
បើតាម លោករដ្ឋមន្ត្រីថា គោលដៅចម្បងដែលត្រូវសម្រេចឱ្យបានក្នុងគោលនយោបាយនេះគឺ៖ (១) បង្កើនតម្លៃបន្ថែមសរុបនៃវិស័យកសិកម្មឱ្យកើនយ៉ាងតិច ៣ភាគរយ ក្នុងមួយឆ្នាំ និង (២) បង្កើនផលិតភាពពលកម្មកសិកម្មពី ១៩៨៦ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដល់ ៤៦២៥ដុល្លារអាមេរិក ក្នុងមួយឆ្នាំ នៅឆ្នាំ ២០៣០៕
អត្ថបទ៖ ថូ សិរីវឌ្ឍន៍