ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានធ្វើការបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (ធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូព្រមទាំងសម្ភារៈមានតម្លៃ) ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ជាបន្តបន្ទាប់។
ករណីនេះកើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២០និង៣០ នាទី នៅចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ករណីនេះកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលក្រុង ស្រុក បានសហការគ្នាធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមដងផ្លូវត្រង់ចំណុចសំខាន់ ដើម្បីចាំស្ទាក់ចាប់ជនសង្ស័យ រហូតដល់វេលាម៉ោង ២១និង១៥ នាទី រហូតឈានទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន០៥នាក់។
ជនសង្ស័យទាំង០៥នាក់ មានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ហុក ចិត្រា ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅ រាជធានីភ្នំពេញ (មិនពិតប្រាកដ)។
២- ឈ្មោះ ព្រំ ឈៀងសៀវថង ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសឹង ឃុំរការខ្នង ស្រុកដូនកែវ ខេត្តតាកែវ។
៣- ឈ្មោះ ហន ប៊ុនថុង ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
៤- ឈ្មោះ យ៉ាង វាសនា ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំព្រែកប្រើស ស្រុកកំពង់ត្រាច ខេត្តកំពត។
៥- ឈ្មោះ អំ ពេជ ហៅពេជ្រ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
វត្ថុតាងដកហូតបានរួមមាន៖ - កាំប៉ិតបុ័ងតោ ០១ដើម (ឧបករណ៍ធ្វើសកម្មភាព)។ ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី៕