France24-
ការវាយប្រហារលើប្រព័ន្ធកុំព្យូទ័របានរីករាលដាលតែប៉ុន្មានម៉ោង បន្ទាប់ពីការជជែកគ្នាបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ដោយគ្មានច្រកចេញរវាងទីក្រុងមូស្គូ និងសម្ព័ន្ធភាពបស្ចឹមប្រទេស។ កាលពីថ្ងៃសុក្ររុស្សីដែលបានប្រមូលផ្តុំកងទ័ពជាង១សែននាក់ នៅតាមព្រំប្រទល់អ៊ុយក្រែន បានបញ្ចេញរូបភាពនៃការចល័តទ័ពរបស់ខ្លួន។ ទីក្រុង Kyiv បាននិយាយថា លោកប្រធានាធិបតី Volodymyr Zelensky បានដាក់សំណើរឲ្យមានការប្រជុំត្រីភាគីជាមួយ និងរុស្សី និងអាមេរិក សេនាធិការរបស់លោក Zelensky, Andry Yermak បាននិយាយថា ភាពស្លាប់រស់របស់ប្រទេសលោកកំពុងស្ថិតនៅលើជញ្ជីង។
មន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយថា ទីក្រុងវ៉ាស៊ិនតោនមានការខ្វាយខ្វល់ថា រុស្សីកំពុងបានរៀបចំនូវលទ្ធភាពនៃការវាយប្រហារខាងយោធាថ្មីមួយទៀតលើប្រទេសជិតខាង ដែលខ្លួនធ្លាប់ឈ្លានពានកាលពីឆ្នាំ២០១៤។ "នៅក្នុងផ្នែកខ្លះនៃផែនការរបស់ខ្លួន រុស្សីកំពុងរៀបចំមូលដ្ឋានដើម្បីជាជំរើសក្នុងការបង្កើតលេសដើម្បីឈ្លានពាន រួមទាំងសកម្មភាពវិទ្ធង្សនា និងប្រតិបត្តិការណ៍ព័ត៌មាន ដោយចោទប្រកាន់អ៊ុយក្រែនថា បានរៀបចំការវាយប្រហារក្នុងពេលខាងមុខប្រឆាំងទៅនឹងកងកម្លាំងរុស្សីប៉ែកខាងអ៊ុយក្រែនខាងកើត"។ មន្ត្រីបាននិយាយក្នុងលក្ខ័ណអនាមិក។
អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បានច្រានចោលនូវរបាយការណ៍ដូចនេះថាជា ព័ត៌មានដែលគ្មានមូលដ្ឋាន ទីភ្នាក់ងារព័ត៌មាន Tass News បានរាយការណ៍។ រុស្សីបានបដិសេធនូវផែនការក្នុងការវាយប្រហារទៅលើអ៊ុយក្រែន ប៉ុន្តែបាននិយាយថាអាចនឹងចាត់វិធានការណ៍យោធាណាមួយ បើសិនជាមិនទទួលបាននូវការទាមទាររបស់ខ្លួន រួមបញ្ចូលទាំងការសន្យាមួយពីសម្ព័ន្ធមិត្ត NATO ថានឹងមិនទទួលយកអ៊ុយក្រែនជាសមាជិកភាព។ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov បាននិយាយថា រុស្សីសង្ឃឹមថាការជជែកពីសន្តិសុខជាមួយនិងសហរដ្ឋអាមេរិកនឹងបន្ត ប៉ុន្តែរឿហនេះវាអាស្រ័យទៅលើការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ិនតោនចំពោះសំណើរសុំរបស់ទីក្រុងមូស្គូ។
“យើងដាច់ខាតនឹងមិនទទួលយកនូវសិទ្ធរបស់ NATO ដែលអាចមានវត្តមាននៅជិតព្រំប្រទល់របស់យើង ជាពិសេសការប្រាប់ជាមុននូវទង្វើរក្នុងពេលបច្ចុប្បន្ននៃមេដឹកនាំអ៊ុយក្រែន" លោកនិយាយ។ នៅពេលដែលសួរថាតើទីក្រុងមូស្គូចង់មានន័យថាម៉េច តាមរយៈការគំរាមកំហែងក្នុងសប្តាហ៍នេះ ដើម្បីចាត់វិធានការណ៏បច្ចេកទេសយោធា បើសិនជាការជជែកគ្នាបរាជ័យ, Lavrov និយាយថា "វិធានការណ៍ក្នុងការពង្រាយអាវុធធុនធ្ងន់, ប្រាកដណាស់, នៅពេលដែលយើងសំរេចធ្វើសេចក្តីសំរេចជាមួយនិងឧបករណ៍យោធា យើងយល់អ្វីដែលយើងនិយាយនិងអ្វីដែលយើងនឹងរៀបចំធ្វើ"៕