ភ្នំពេញ៖ ជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាឆក់ទូរស័ព្ទដៃ និងឆក់កាបូបប្រជាពលរដ្ឋ នៅតាមផ្លូវសាធារណៈ នៅក្នុភូមិ សាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបាននគរបាលខណ្ឌកំបូល បង្ក្រាបចាប់ខ្លួន ខណៈបក្ខពួក៣នាក់ ជិះម៉ូតូ ០២គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ឈឹម សាវុធ អធិការរង ទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល ប្រាប់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះ ឈ្មោះ ជិន សុជ្ជត្ត្រា ភេទប្រុស អាយុ២៤ឆ្នាំ បានជិះម៉ូតូ ម៉ាកស្កូបពី ពណ៌ស ធ្វើដំណើរ ចេញពីក្រុមហ៊ុនលក់ទំនិញតាមអនឡាញនៅម្តុំផ្សារអ៊ីអន២ ក្នុងខណ្ឌសែនសុខ ទៅឱ្យភ្ញៀវនៅចំណុចតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
ក្រោយពីទទួលបានព័ត៌មានខាងលើ លោកវរសេនីយ៍ឯក ហង្ស មុន្នី អធិការនគរបាលខណ្ឌកំបូល បានបញ្ជាកម្លាំងព្រហ្មទណ្ឌខណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្លើងឆេះរទេះ ចុះស្រាវជ្រាវនៅកន្លែងកើតហេតុ ឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងបក្ខពួក០២នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់។
បន្ទាប់មកកម្លាំងសមត្ថកិច្ចបានបែងចែកតាមមុខព្រួញ តាមស្វែងចាប់ខ្លួនបានបក្ខពួកម្នាក់ឈ្មោះ លន ផាលិ ហៅផាន់ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅភូមិព្រៃជញ្លូញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ និងដកហូតទូរស័ព្ទដៃជនរងគ្រោះមកវិញ០១គ្រឿង។
បន្តមកទៀតសមត្ថកិច្ចបានចាប់ខ្លួនបក្ខពួកវាម្នាក់ទៀត ខណៈដែលកំពុងជិះម៉ូតូគេចខ្លួន មកដល់ម្តុំផ្លូវរថភ្លើង ឈ្មោះ ស៊ឹង ប៊ុនឡុង ភេទប្រុស អាយុ២១ឆ្នាំ ប្រកបមុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទាំង០២នាក់ បានបញ្ជូនមកសាកសួរនៅ អធិការដ្ឋានគរបាល ខណ្ឌកំបូល។
រហូតមកដល់រសៀលថ្ងៃទី១២ ខែមករានេះ កម្លាំងព្រហ្មទណ្ឌនគរបាល ខណ្ឌកំបូល ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហម សុខនិត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការសហការពីកម្លាំងនគរបាល ស្រុកគងពិសីផងដែរ។ ជាមួយនោះដកហូតវត្ថុតាងជាមធ្យោបាយប្រព្រឹត្តបទល្មើសម៉ូតូ ០២គ្រឿង រួមនិងទូរស័ព្ទដៃជនរងគ្រោះ ០១គ្រឿង។
ជនសង្ស័យនិងវត្ថុតាង នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ ខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង រាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធី៕