កំពង់ឆ្នាំង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្ររាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦ និង ០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការខាងលើកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប្រាក់ សុផល ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងនោះដកហូតថ្នាំញៀន ចំនួន០៧កញ្ចប់ ទូរស័ព្ទដៃ ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕