ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនបានសម្តែងការមិនសប្បាយចិត្ត ចំពោះសកម្មភាពព្រះសង្ឃខ្លះដែលនិមន្តបិណ្ឌបាតតាមផ្សារ ល្មើសធម៌វិន័យ របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។
តាមការឱ្យដឹងពីប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងសង្កាត់ទូលសង្កែ ខណ្ឌឬស្សីកែវ បានលើកឡើងថា ពួកគាត់តែងសង្គេតឃើញមានព្រះសង្ឃមួយចំនួន នៅតែនិមន្តបិណ្ឌបាតតាមផ្សារ ដែលជាហេតុធ្វើឱ្យខុសធម៌វិន័យ ខណៈផ្សារ គឺជាទីប្រជុំសម្បូរទៅដោយការលក់របស់គ្រប់បែបយ៉ាង ដូចជា៖ ត្រីរស់ មាន់ ទារស់ ជាដើម។
ប្រភពបានឱ្យដឹងបន្តថា ពេលនិមន្តបិណ្ឌបាត គឺមានព្រះសង្ឃខ្លះ ឆ្លៀតសុំនេះ សុំនោះ ជាហេតុធ្វើឱ្យពួកគាត់មិនសប្បាយចិត្ត ត្បិតការរកចំណូលដោះស្រាយជីវភាពនៅមានកម្រិត។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ធ្លាប់មានប្រសាសន៍ថា ក្រសួងធម្មការ និងសាសនា មិនមានសេចក្តីហាមប្រាម ចំពោះការបិណ្ឌបាតនោះទេ ប៉ុន្តែគណៈសង្ឃនាយក មានធម៌វិន័យ ដោយមានកាតព្វកិច្ច ក្នុងការហាមឃាត់ព្រះសង្ឃ ចំពោះការនិមន្តចូល ឬបិណ្ឌបាត នៅតាមផ្សារ ហើយកន្លងមកក៏មានការចាប់ផ្សឹកព្រះសង្ឃជាច្រើនអង្គ ដែលល្មើសធម៌វិន័យផងដែរ។
គួរបញ្ជាក់ផងដែរថា នាពេលកន្លងទៅ អាជ្ញាធរបានឃាត់ខ្លួនព្រះសង្ឃជាច្រើនអង្គដែលតែងនិមន្តបិណ្ឌបាត តាមផ្សារ។បន្ទាប់ពីការឃាត់ខ្លួនសាកសួររួចមក ក៏ដឹងថា មានបុគ្គលខ្លះបានគ្រងស្បង់ធ្វើជាព្រះសង្ឃក្លែងក្លាយ ដើម្បីបិណ្ឌបាតពីប្រជាពលរដ្ឋ៕
អត្ថបទ៖លាង ឡា