BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា ផ្អាកការនាំចូលជ្រូករស់ពីប្រទេសថៃនិងវៀតណាម

ថ្ងៃព្រហស្បតិ៍, 13 ខែមករា 2022 09:46  ថូ សិរីវឌ្ឍន៍

photo_2022-01-13_08-45-50c (1)

ភ្នំពេញ៖ ប្រទេសកម្ពុជា បានផ្អាកការនាំចូលជ្រូកពីប្រទេសថៃ និងវៀតណាម ដើម្បីការពារផលិតកម្មចិញ្ចឹមជ្រូកក្នុងស្រុកដែលកំពុងកើនលើសតម្រូវការ និងផលិតកម្មចិញ្ចឹមជ្រូកនៅប្រទេសក្បែរខាងទាំងពីរនេះកំពុងប្រឈមការឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិក។

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្ពុជា បានផ្អាកការនាំចូលសត្វជ្រូករស់ពីប្រទេសថៃ និងវៀតណាម អស់រយៈពេលពីរខែមកហើយ បន្ទាប់ពីការផ្គត់ផ្គង់ក្នុងស្រុកកើនគ្រប់តម្រូវការចន្លោះពី ៨ពាន់ ទៅ ៩ពាន់ក្បាល ក្នុងមួយថ្ងៃ និងម៉្យាងទៀតតម្លៃ ជ្រូកនៅប្រទេសថៃ និងវៀតណាម បានហក់ឡើងខ្ពស់ជាងនៅប្រទេសកម្ពុជា។

លោកបានលើកឡើងថា អគ្គនាយកដ្ឋានបានណែនាំដល់មន្ត្រីពេទ្យសត្វនៅតាមព្រំដែនឲ្យបង្កើនការត្រួតពិនិត្យឲ្យបានតឹតរ៉ឹងចៀសវាងការលួចនាំចូលជ្រូកចូលដោយខុសច្បាប់ពីប្រទេសក្បែរខាង និងអំពាវនាវដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើជីវសុវត្ថិភាព និងអនាម័យ ក្នុងការចិញ្ចឹមរបស់ខ្លួនជាប្រចាំ ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់សត្វចិញ្ចឹមរបស់ខ្លួន និងចម្លងទៅកន្លែងផ្សេងទៀត។

យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ស្តិ៍ បានឲ្យដឹងថា អាជ្ញាធរថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីការរកឃើញករណីឆ្លងនៃ «ជំងឺបេស្តជ្រូកអាហ្វ្រិក» តាមរយៈការពិនិត្យលើសំណាកដែលត្រូវបានប្រមូលពីទីសត្តឃាតមួយកន្លែង នៅក្នុងខេត្ត Nakhon Pathom។ 

អាជ្ញាធរនៅក្នុងប្រទេសថៃ បានបើកការស៊ើបអង្កេតមួយកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីការមានសង្ស័យជាច្រើនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ថាជំងឺបេស្តជ្រូកអាហ្វ្រិកបានឆ្លងរាលដាលនៅក្នុងប្រទេសរួចទៅហើយ ខណៈព័ត៌មានពាក់ព័ន្ធនឹងជំងឺនេះត្រូវបានបិទបាំង។ 

គួរបញ្ជាក់ថា ការទទួលស្គាល់ករណីឆ្លងជំងឺបេស្តជ្រូកអាហ្វ្រិកកើតមានឡើង បន្ទាប់ពីអាជ្ញាធរថៃបានបដិសេធជាច្រើនឆ្នាំមកហើយថា មិនមានករណីឆ្លង ជំងឺនេះនៅលើសត្វជ្រូកនៅក្នុងស្រុកនោះទេ ហើយនេះក៏ជាលើកដំបូងបំផុតដែលអាជ្ញាធរថៃទទួលស្គាល់ជាផ្លូវការពីវត្តមានជំងឺនេះផងដែរ។ ហើយការប្រកាសរបស់អាជ្ញាធរថៃនាពេលនេះ ទំនងជាយុទ្ធសាស្ត្រមួយទប់ស្កាត់ការនាំសត្វជ្រូកចេញទៅក្រៅប្រទេស ខណៈនៅក្នុងប្រទេសថៃបច្ចុប្បន្នកំពុងប្រឈមការខ្វះសាច់ជ្រូកផ្គត់ផ្គង់នៅលើទីផ្សារ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានសារទរនឹងចំណាត់ការរបស់ក្រសួងកសិកម្ម ដែលសម្រេចផ្អាកការនាំចូលសត្វជ្រូករស់ពីប្រទេសជិតខាងបានទាន់ពេលវេលា ដើម្បីការពារដល់អ្នកចិញ្ចឹមក្នុងស្រុក។

ទោះជាយ៉ាងនេះក្តីលោកលើកឡើងថា ថ្វីត្បិតការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងទីផ្សារនាពេលនេះបានគ្រប់គ្រាន់ក៏ពិតមែន ដោយសារបរិមាណជ្រូកចិញ្ចឹមនៅសល់ក្នុងស្តុកច្រើនកាលពីអំឡុងពេលបុណ្យភ្ជុំកន្លងទៅនេះ ប៉ុន្តែផលិតកម្មចិញ្ចឹមជ្រូកក្នុងស្រុកសព្វថ្ងៃជួបបញ្ហាជាច្រើន ទាំងការប្រឈមនឹងជំងឺផ្សេងៗ និងកង្វះកូនជ្រូកពូជសម្រាប់ចិញ្ចឹម។ ដូច្នេះវាអាចនឹងខ្វះសាច់ជ្រូកផ្គត់ផ្គង់នៅលើទីផ្សារក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដែលមិនខុសពីប្រទេសថៃ និងវៀតណាមនោះឡើយ។

ប្រធានសមាគមរូបនេះ បានអំពានាវដល់ក្រសួងជំនាញជួយបង្កើនការលើកទឹកចិត្តដល់អ្នកចិញ្ចឹមក្នុងស្រុកបន្ថែមទៀត និងចុះជួយណែនាំពីរបៀបធ្វើជីវសុវត្ថិភាពដល់កសិករអ្នកចិញ្ចឹម ព្រមទាំងជួយបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងចិញ្ចឹមរបស់ពួកគាត់ផងដែរ។

កន្លងមកប្រទេសកម្ពុជា ផលិតកម្មចិញ្ចឹមជ្រូកក្នុងស្រុកអាចផ្គត់ផ្គង់ទីផ្សារបានប្រមាណ ៧០ភាគរយ និង ៣០ភាគរយ នាំចូលពីប្រទេសជិតខាង ក្នុងនោះភាគច្រើននាំចូលពីប្រទេសថៃ។

យោងតាមរបាយការណ៍របស់អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមជ្រូកទាំងខ្នាតតូច មធ្យម និងធំ នៅកម្ពុជាក្នុងពេលនេះមានចំនួនប្រមាណជាង ៥០០កសិដ្ឋាន ដោយនៅក្នុងនោះ ចំនួនជ្រូកសរុបទូទាំងប្រទេស គឺមានប្រមាណជាង ៣លានក្បាល នៅឆ្នាំ ២០២១ កើនលើសឆ្នាំ ២០២០ ប្រមាណ៥០ម៉ឺនក្បាល៕

photo_2022-01-13_08-45-47m

photo_2022-01-13_08-45-49m

photo_2022-01-13_08-45-49 (2)m

photo_2022-01-13_08-45-51m


 


ថ្ងៃព្រហស្បតិ៍, 13 ខែមករា 2022 09:46  ថូ សិរីវឌ្ឍន៍