កណ្តាល៖ សមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹងរបស់នារីរងគ្រោះម្នាក់ ពាក់ព័ន្ឋករណីលួចថត ពេលកំពុងងូតទឹក នៅចំណុចបន្ទប់ទឹក មួយកន្លែងស្ថិតនៅផ្ទះជួល នាភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ កាលពីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ។
សមត្ថកិច្ចក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ អិន ធី អាយុ៣៨ឆ្នាំ មុខរបរ កម្មកររោងចក្រ។ចំណែកនារីជាជនរងគ្រោះ មានវ័យ ២០ ឆ្នាំ។
របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ពេលជនរងគ្រោះ កំពុងងូតទឹក ស្រាប់តែជនសង្ស័យ ដែលស្នាក់នៅ បន្ទប់ផ្ទះជួលក្បែរគ្នា បានចូលបន្ទប់ទឹក ជាប់គ្នាជាមួយ ជនរងគ្រោះ ហើយបានដាក់ ទូរស័ព្ទ លួចថតរូបភាព ភ្លាមនោះ ក៏ត្រូវបាននារីរងគ្រោះ ឃើញទូរស័ព្ទ របស់ជនសង្ស័យ ហើយទាញយក និង ឆែកមើល ស្រាប់តែឃើញរូបអាក្រាតកាយរបស់ខ្លួន ជាប់ក្នុងទូរស័ព្ទរបស់ជនសង្ស័យ ហើយក៏ដាក់ពាក្យបណ្ដឹង រហូតឈានដល់ការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចចាត់វិធានការបន្ត តាមនីតិវិធីច្បាប់៕
អត្ថបទ៖លាង ឡា