សុំណុំរឿងករណីសម្លាប់ជនរងគ្រោះ ដោយសារជំពាក់ប្រាក់ប្រមាណ៣០មុឺនដុល្លារ ត្រូវក្រុមប្រឹក្សាតុលាការលើកយកមកកាត់ទោសហើយ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ សវនាការ ដឹកនាំ ដោយលោកស្រីចៅក្រម ទិត ដាលីន លោកចៅក្រម ហុក ពៅ លោកស្រីចៅក្រម សាយ ស្រី ល័ក្ខ និងលោក ហេង ផេង ជា តំណាងអយ្យការ។
ជនដៃដល់ឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវតុលាការចោទប្រកាន់ពីបទឃាតកម្ម និងបទកាន់កាប់ រក្សាទុក និងប្រើប្រាស់ អាវុធ ដោយខុសច្បាប់ ប្រព្រឹត្តកាលពីឆ្នាំ២០២០ នៅខណ្ឌកំបូល តាមមាត្រា ២០០ និងមាត្រា ៤៩០ និងមាត្រា ២៩ នៃក្រមព្រហ្មទ័ណ្ឌ។ ចំណែកជនរងគ្រោះក្នុងអំពើឃាតកម្មនេះឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គួកជេរដី រថយន្ត ម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះមែន ដោយសារតែខ្លួនគេជំពាក់បំណុលជនរងគ្រោះឈ្មោះ នៅ ចំណាន ទាំងដើមទាំងការ ប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារ ហើយពុំមានលទ្ធភាពសងវិញ ទើបខ្ចីកាំភ្លើងខ្លីពីឈ្មោះ ផេង ស៊ីថុល អាយុ៤០ឆ្នាំ ជាបក្ខពួក យកទៅបាញ់សម្លាប់ជនរងគ្រោះតែម្ដង ខណៈជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងនៅកន្លែងស្ងាត់។
ដោយសារមានចម្លើយសារភាពរបស់ជនដៃដល់ តំណាងអយ្យការ បានធ្វើសេចក្ដីសន្និដ្ឋាន តម្កល់ទុកបទចោទប្រកាន់អោយនៅដដែល ហើយស្នើអោយក្រុមប្រឹក្សាតុលាការសម្រេចតាមច្បាប់។ ក្រុមប្រឹក្សា ជំនុំជំរះ បានកំណត់យកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីប្រកាសសាលក្រម។ គួរបញ្ចាក់ថាក្នុងរឿងក្ដីឃាតកម្មនេះ សមត្ថកិច្ចនគរបាលបានចាប់ខ្លួនឃាតកឈ្មោះ សុខ ហេងសំបូរ ដែល ជាជនដៃដល់បាញ់សម្លាប់ជនរងគ្រោះ និងឈ្មោះ ផេង ស៊ីថុល ជាម្ចាស់កាំភ្លើង ប្រព្រឹត្តអំពើឃាតកម្ម។
នៅក្នុងតំណាក់កាលសើបសួរបឋម តំណាងអយ្យការបានចោទប្រកាន់ឈ្មោះ សុខ ហេងសំបូរ ពី បទឃាតកម្ម និងរក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់។ ចំណែកឈ្មោះ ផេង ស៊ីថុល ត្រូវបានចោទពីបទសមគំនិត តែក្នុងនីតិវិធីស៊ើបសួររបស់លោកចៅក្រម កី ម៉ាណេរ៉ា តុលាការ បានដោះលែងឈ្មោះ ផេង ស៊ីថុល អោយនៅក្រៅឃុំ ទើប ពេលកាត់ទោស មានជនជាប់ចោទតែម្នាក់ប៉ុណ្ណោះ៕