ខេត្តសៀមរាប៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ ករណីយកដំបងឈើ និងកាំបិតខ្វែវមកវាយ និងកាប់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសរយះក្បាល និងហើមបបូរមាត់ផ្នែកខាងលើ កាលពីវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចជើងភ្នំគូលែន ស្ថិតនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
មន្ត្រីនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា៖ ១.ឈ្មោះ រ៉ា សម្បត្តិ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កសិករ។ ២.ឈ្មោះ ណន ណុច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ អ្នកទាំង២នាក់ មានទីលំនៅភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ចំណែកឯជនរងគ្រោះឈ្មោះ ខើច សុឃាម ភេទប្រុស អាយុ ១៧ឆ្នាំ។
ប្រភពដដែលបានបន្តថា៖ នៅវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះមានគ្នាចំនួន ១១នាក់ ជិះម៉ូតូចំនួន ០៦គ្រឿង បាននាំគ្នាទៅលេងនៅកន្លែងលោតប៉ុង ពេលទៅដល់ជនរងគ្រោះបាននាំគ្នាឈរលេង នៅវាលស្រែក្បែរផ្លូវរហូតដល់វេលាម៉ោង២២ និង១០នាទី ស្រាប់តែជនសង្ស័យក្រុមមានគ្នា០៤នាក់ កាន់ដំបងឈើ និងកាំបិតខ្វែវមកវាយ និងកាប់ទៅលើជនរងគ្រោះឈ្មោះ ខើច សុឃាម ភេទប្រុស អាយុ១៧ឆ្នាំ បណ្ដាលឲ្យរងរបួសរយះក្បាល និងហើមបបូមាត់ផ្នែកខាងលើ។
វត្ថុតាងរួមមានរួមមាន៖ ដំបងឈើចំនួន ២ដុំ (ដុំទី១ មានទំហំ ៥cm ប្រវែង ៦៨cm ដុំទី២ មានទំហំ ៤cm ប្រវែង ៩៧cm) និងកំបិតព្រាប១ ប្រវែង ៤៣cm មុខកាត់ ៧cm។
តាមរយៈកិច្ចសហការណ៍ពីកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បាននាំខ្លួនភាគីចុងបណ្តឹងចំនួន ០៤នាក់ មកធ្វើការសាកសួរ ដោយចុងបណ្តឹងចំនួន ០២នាក់ ក្នុងចំណោម ៤នាក់ បានសារភាពថា ខ្លួនជាជនដៃដល់ក្នុងករណីខាងលើ ជនសង្ស័យឈ្មោះ រ៉ា សម្បត្តិ ភេទប្រុស អាយុ១៩ឆ្នាំ បានសារភាពថា៖ នៅយប់កើតហេតុបក្សពួករបស់ខ្លួនម្នាក់ឈ្មោះ ណន ណុច បានដេញវាយគ្នាជាមួយជនរងគ្រោះទៅទិសខាងកើតនៃកន្លែងលោតប៉ុង ជាទីងងឹត ហើយខ្លួនក៏ទាញដំបងឈើ រត់ដេញតាមពីក្រោយ ដល់ចំណុចប្រឡាយ ក្នុងវាស្រែក៏បានឃើញជនរងគ្រោះឈ្មោះ ខើច សុឃាម ដួលហើយខ្លួនក៏បានវាយទៅលើជនរងគ្រោះបន្ថែម ចំត្រង់ផ្ទៃមុខ ចំនួន១ដំបង ហើយបន្តរត់ឡើងជិះម៉ូតូគេចខ្លួន។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕