សម្តេចមានប្រសាសន៏នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា គ្រាន់តែរយៈពេល៣ថ្ងៃ ចុង សប្តាហ៏ បូកទាំងថ្ងៃ៧ មករាផង មានភ្ញៀវទេសចរផ្ទៃក្នុង ជិត៤៦ម៉ឺននាក់ ចេញកម្សាន្តនៅ ទូទាំងប្រទេស ដែលបញ្ហានេះ បានធ្វើឲ្យសេដ្ឋកិច្ច មានកំណើនផងដែរ។
សម្តេចប្រមុខរាជរដ្ឋាភិបាលបញ្ជាក់យ៉ាងនេះថា “៣ថ្ងៃកន្លងទៅនេះ ជិត៤៦ម៉ឺននាក់ ដើរលេង ដែលមានថ្ងៃ បូកទាំងថ្ងៃ៧មករាផង ហើយក្នុងចំនួននេះ ខេត្តបាត់ដំបង គឺជាខេត្ត ដែលទទួលបានភ្ញៀវទេសចរច្រើនដែរ ប្រមាណ៣ម៉ឺននាក់ ដូច្នេះយើងឲ្យសេដ្ឋកិច្ចដំណើរការ ក្នុងពេលដែលភ្ញៀវទេសចរណ៍បរទេសមិនទាន់ចូលមកទស្សនកិច្ចនៅកម្ពុជា យើងបន្តទេសចរណ៍ផ្ទៃក្នុង ដែលមុននេះ មានមនុស្សជាង១លាននាក់ បាន ចេញទៅទស្សនកិច្ចនៅក្រៅប្រទេស តែឥឡូវ ជាង១លាននាក់នេះ គាត់ទស្សនកិច្ចនៅក្នុងប្រទេស គាត់ដើរ លេងនៅក្នុងប្រទេស ខេត្តនេះ ខេត្តនោះ តាមលទ្ធភាព នៃថវិការបស់ពួកគាត់”។
មានប្រសាសន៏ដល់បញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យពន្លឿនការចាក់វ៉ាក់សាំងដុសជំរុញផងដែរ ដើម្បីការពារមេរោគថ្មីៗ ដែលទើបមានវត្តមាននៅកម្ពុជា ក៏ដូចជា ពិភព លោក ហើយការអំពាវនាវ របស់សម្ដេចនាយករដ្ឋមន្ត្រី បន្ទាប់ពី មានរបាយការណ៍ពី វត្តមាន វីរុសថ្មីមួយប្រភេទទៀត ដែល ជា មេរោគ កូនកាត់បំប្លែងចេញពី ដែលតា នឹងអូ មីក្រុង។ បើតាមសម្តេចតេជោ ហ៊ុន សែន ខណៈដែលមេរោគប្រភេទ អាហ្វា ដែលតានិងអូមីក្រុង មិនទាន់ទៅណាផង បែរជាចេញថ្មីមួយទៀត ដូច្នេះយើងមិនដឹងថា ពេលណានឹងចប់នោះទេ យើង ត្រូវតែបន្ត ការខិតខំប្រឹងប្រែងការពារតទៅទៀត ហើយត្រូវតែមានការចូលរួមពីសំណាក់ ប្រជាពលរដ្ឋម្នាក់ៗ និងគ្រួសារនីមួយៗ លើការការពារខ្លួនដូចជា ការពាក់ម៉ាស់ លាងដៃដោយសាប៊ូ បាញ់អាកុល និងមិនទៅទីតាំងដែលមានមនុស្សច្រើនជាដើម។
តាមរបាយការណ៏ក្រសួងទេសចរណ៍ បានឲ្យដឹងដែរថា ស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ មានចំនួន៤៥៦,៣៣៤នាក់ ក្នុងនោះភ្ញៀវទេស ចរ ជាតិ មានចំនួន៤៤៣,៣៧៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១២,៩៥៦នាក់ ហើយគោលដៅទេសចរណ៍សំខាន់ៗដែលទទួលបានភ្ញៀវទេស ចរច្រើន រួមមាន៖ រាជធានីភ្នំពេញ ៨៥,៤៥៨នាក់, ខេត្តព្រះសីហនុ ៧០,៦៤៨នាក់, ខេត្តសៀមរាប ៥០,៤៥៥នាក់, ខេត្តពោធិ៍សាត់ ៤៤,២៩១នាក់, ខេត្តបាត់ដំបង ៣៥,៩៥២នាក់ និងខេត្តកំពត ៣២,០៤២នាក់។
តាមតួលេខខាងលើនេះ ភ្ញៀវទេស ចរ មានការកើនឡើងប្រមាណ១៨៥.២៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។ ដោយក្នុងនោះគ្រាន់តែថ្ងៃឈប់សម្រាកទិវាជ័យជម្នះ ៧ មករា មានភ្ញៀវសរុបប្រមាណជិត១៦ម៉ឺននាក់បានដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ចរន្តភ្ញៀវ ចុងសប្តាហ៍នេះ ជាការបង្កើនក្តីសង្ឃឹមសម្រាប់វិស័យឯកជន និងពលរដ្ឋ ដែលប្រកបមុខរបរក្នុងវិស័យទេសចរណ៍ ៕