ភ្នំពេញ៖អ្នកជំនាញដោះមីនរបស់អង្គការ CSHD បានរងគ្រោះថ្នាក់រហូតបាត់បង់ជីវិត ចំនួន៣នាក់ និងម្នាក់ទៀត បានរងរបួសធ្ងន់ កាលពីវេលាម៉ោងប្រមាណ១១ និង៣០នាទីព្រឹក នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា អ្នករងគ្រោះដោយសារគ្រាប់មីន នៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកនេះ គឺជាអ្នកជំនាញមកពីអង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។
លោកឱ្យបន្តថា នៅមុនករណីនេះកើតឡើង ប្រមាណ២០នាទី ក៏មានកាផ្ទុះគ្រាប់នៅភូមិនេះដែរ និងបណ្ដាលឱ្យពលរដ្ឋម្នាក់បានស្លាប់។
សូមបញ្ជាក់ថា កម្ពុជានៅមានសំណល់យុទ្ធភណ្ឌសង្គ្រាមដូចជា៖គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទូទៅ ព្រមទាំងគ្រាប់បែកទម្លាក់ពីយន្តហោះផងដែរ ប៉ុន្តែរាជរដ្ឋាភិបាល ក៏កំពុងតែធ្វើសកម្មភាពដោះ និងសម្អាតជាបន្តបន្ទាប់ ដើម្បីកុំកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖លាង ឡា