ហាណូយ៖ ប្រទេសចិនបានប្រកាសបើកឡើងវិញនូវច្រកព្រំដែន Pingmeng ជាមួយច្រកព្រំដែន Soc Giang របស់វៀតណាមក្នុងខេត្ត Cao Bang ចាប់ពីម៉ោង ១០:០០ ថ្ងៃទី៧ ខែមករា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
នាយកដ្ឋានទីផ្សារអាស៊ី-អាហ្វ្រិក នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា ច្រកទ្វារព្រំដែនត្រូវបានបើកឡើងវិញត្រឹមតែមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៃក្រុមការងារស្តីពីការសម្រួលពាណិជ្ជកម្មវៀតណាម-ចិន។
ក្រៅពីនេះ ច្រកទ្វារព្រំដែន Tra Linh (វៀតណាម) - Longbang (ចិន) ក៏ត្រូវបានបើកឡើងវិញផងដែរ។
កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានផ្ញើលិខិតមួយច្បាប់ទៅកាន់លេខាគណៈកម្មាធិការតំបន់ស្វយ័ត Guangxi Zhuang នៃបក្សកុម្មុយនិស្តចិនលោក Liu Ning ដើម្បីពិភាក្សាអំពីការសម្រួលរដ្ឋបាលគយ និងវិធានការដោះស្រាយការកកស្ទះទំនិញនៅច្រកព្រំដែន។
នៅក្នុងលិខិតនោះ លោករដ្ឋមន្ត្រីបានស្នើឱ្យភាគីចិន យល់ឃើញរួមដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរសម្រេចបាននូវការពង្រីកពាណិជ្ជកម្មទ្វេភាគី និងការថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់។
លោកបានស្នើឲ្យតំបន់ព្រំដែនក្វាងស៊ី និងវៀតណាម សហការគ្នាដោះស្រាយការកកស្ទះទំនិញ។
ភាគីខេត្តក្វាងស៊ីបាននិយាយថា ខ្លួនបានវាយតម្លៃលើការការពារ និងគ្រប់គ្រង COVID-19 នៅច្រកព្រំដែនជាមួយប្រទេសវៀតណាម ដោយកត់សម្គាល់ថា ច្រកទ្វារផ្សេងទៀតនឹងត្រូវបានស្តារឡើងវិញជាបណ្តើរៗ ដោយផ្អែកលើស្ថានភាពជំងឺរាតត្បាតចុងក្រោយបង្អស់។
យោងតាមសេចក្តីជូនដំណឹងពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឱ្យដឹងថា សកម្មភាពនាំចូល និងនាំចេញទំនិញនៅច្រកព្រំដែនវៀតណាម និងចិនបានជួបប្រទះការកកស្ទះយ៉ាងខ្លាំង ជាពិសេស នៅច្រកទ្វារព្រំដែនខេត្ត Lang Son និងខេត្ត Quang Ninh ដែលបណ្តាលជាចម្បងមកពីការរឹតបន្តឹងវិធានការបង្ការការរីក រាលដាលជំងឺកូវីដ-១៩ របស់ប្រទេសចិន ក្រោមគោលនយោបាយ "Zero Covid”។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងខេត្តទាំងពីរខាងលើ មានរថយន្តប្រមាណជាង ៦០០០គ្រឿង កំពុងរង់ចាំ ការនាំចេញទៅកាន់ប្រទេសចិន។ តាមការវាយតម្លៃជារួម ឃើញថា បរិមាណទំនិញដែលអាចនាំចេញបាននៅតាមច្រកព្រំដែនសំខាន់ៗមួយចំនួនជាមួយប្រទេសចិន មានចំនួនត្រឹមតែ ២៥-៣០% ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងលក្ខខណ្ឌនាំចេញធម្មតា៕