ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានអះអាងថា ដោយសារខ្វះឃ្លាំងសហគមន៍ ស.ស.ក មិនអាចធ្វើតាមតម្រូវការបញ្ជាទិញរបស់ក្រុមហ៊ុនបរទេសមួយចំនួនបានឡើយ ស្របពេលដែលឃ្លាំងសហគមន៍នេះ ដែលមានទាំងទីតាំងហាលគ្រាប់ត្រូវចំណាយមិនតិចជាង ១លានដុល្លារអាមេរិក មានសមត្ថភាពស្តុកគ្រាប់ស្ងួតចំនួន ៥.០០០តោន សម្រាប់ទុកលក់ពេលគ្រាប់ឆៅឡើងថ្លៃ នាខែសីហា ឬកញ្ញា ដូច្នេះការលក់គ្រាប់ស្រស់ធ្វើឱ្យកសិករបាត់បង់តម្លៃបន្ថែម តម្លៃតាមឈ្មួញ កណ្តាលក្រឡុកផងដែរ។
យោងតាមសមាគម បានឲ្យដឹងថា មកទល់ពេលនេះមានក្រុមហ៊ុនបរទេសមួយចំនួន ដែលទាក់ទងមក ស.ស.ក ដើម្បីបើកទិញគ្រាប់ស្វាយចន្ធី គឺក្រុមហ៊ុន Intersnack របស់ប្រទេសសិង្ហបុរី មានទីតាំងរោងចក្រនៅក្នុងប្រទេសវៀតណាម បានស្នើឱ្យសមាគមជួយ ជ្រើសរើសបុគ្គលិកគ្រប់គ្រងឃ្លាំង ដើម្បីបើកទិញគ្រាប់ឆៅនារដូវប្រមូលផលឆ្នាំ ២០២២នេះ ក្នុងខេត្តសៀមរាប។
រីឯក្រុមហ៊ុន Olymp របស់សិង្ហបុរីមួយទៀត មានទីតាំងរោងចក្រនៅប្រទេសវៀតណាម បានស្នើឱ្យសមាគមជួយជ្រើសរើស បុគ្គលិកគ្រប់គ្រងឃ្លាំង ដើម្បីបើកទិញគ្រាប់ឆៅ នារដូវប្រមូលផលឆ្នាំ ២០២២នេះ ក្នុងខេត្តកំពង់ធំ, ក្រុមហ៊ុន Red River Food របស់អឺរ៉ុប មានទីតាំងរោងចក្រនៅក្នុងប្រទេសវៀតណាម ត្រូវការគ្រាប់ស្ងួត ៥.០០០តោន ជាពិសេស សំដៅលើចន្ទីសរីរាង្គ ដែល ស.ស.ក ពិបាកផ្គត់ផ្គងដោយសារតម្លៃទាបពេក។
ដោយឡែក ក្រុមហ៊ុន TPJ របស់ជប៉ុន មានរោងចក្របកគ្រាប់តូចមួយ និងមានបំណងបើក រោងចក្រធំពីរទៀតនៅកម្ពុជា ខណៈដែលរោងចក្រនេះ ត្រូវការគ្រាប់ស្វាយចន្ទីស្ងួត ៤០.០០០តោន។
បច្ចុប្បន្នសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានពង្រីកវិសាលភាពទៅ ១០ខេត្ត ដែលមានសក្តានុពលស្វាយចន្ទី ក្នុងនោះមានខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ កំពង់ កំពង់ឆ្នាំង កំពង់ចាម ក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រែង និងខេត្តរតនគិរី។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ និងគម្រោងផែនការ ឆ្នាំ២០២២ របស់ ស.ស.ក។
យោងទៅលើតួលេខពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា ទិន្នផលគ្រាប់នៅរបស់កម្ពុជា លក់ទៅប្រទេសវៀតណាម នៅឆ្នាំ ២០២១ មានប្រមាណ ១.១០០.១១៨តោន ដែលគិតជាទឹកប្រាក់ចំនួន ១,៨៤ពាន់លានដុល្លារអាមេរិក។
ទិន្នន័យចំនួនចម្ការស្វាយចន្ទីក្រៅផ្លូវការដែល ស.ស.ក ប្រមូលបានលើផ្ទៃដីដាំដុះចំនួន ១០ខេត្ត ក្នុងចំណោម ២២ខេត្ត ប្រចាំឆ្នាំ២០២១ មានចំនួន ៤៩១.០៣៣ហិកតា ពោលគឺ ស.ស.ក ប៉ាន់ប្រម៉ាណផ្ទៃដីដាំដុះស្វាយចន្ទី ៨០០.០០០ហិកតា ក្នុងនោះ មានចំនួន ១១៥.០២១ហិកតា៕
អត្ថបទ៖ ថូ សិរីវឌ្ឍន