ភ្នំពេញ៖ ប្រព័ន្ធតេឡេក្រាម ដែលសារធារណជនអាចរាយការណ៍អំពីបទល្មើសចរាចរណ៍ នឹងត្រូវបង្កើតឡើងនាពេលខាងមុខ ខណៈមន្រ្តីពាក់ព័ន្ឋកំពុងពិភាក្សាសហការគ្នា តាមបញ្ជាររបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ថ្លែងក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន មានប្រសាសន៍លើកឡើងថា ក្រសួង កំពុងពិភាក្សាជាមួយអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីជំរុញយន្តការ នៃការប្រើប្រាស់ប្រព័ន្ធតេឡេក្រាម ឱ្យមានលក្ខណៈអាចដំណើរការបានដោយនិរន្តរភាព និងមានភាពចាស់ទុំ បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់។
លោកថា ក្រសួងក៏កំពុងពិនិត្យលទ្ធភាពផងដែរ ក្នុងការដាក់បញ្ចូលកម្មវិធី (App) និងយន្តការបច្ចេកវិទ្យាស្វ័យប្រវត្តិមួយចំនួន ដើម្បីធ្វើឱ្យការគ្រប់គ្រង បញ្ជូន និងទទួលទិន្នន័យសម្រាប់ មន្ត្រី និងនគរបាលពាក់ព័ន្ធកាន់តែមានភាពងាយស្រួល ងាយស្រួលគ្រប់គ្រង និងមានទិន្នន័យសម្រាប់បង្កើតជាផែនការយុទ្ធសាស្ត្រ។
សូមបញ្ជាក់ថា ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ កាលពីថ្ងៃទី៣ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំដល់មន្រ្តីពាក់ព័ន្ឋឱ្យបង្កើតតេលេក្រាម ដើម្បីឱ្យប្រជាពលរដ្ឋជួយថតសកម្មភាពល្មើសច្បាប់ចរាចរណ៍បញ្ជូនចូលក្នុងគ្រុបតេឡេក្រាម និងឱ្យនគរបាលអនុវត្តច្បាប់។
សម្តេចនាយករដ្ឋមន្រ្តី បានគួសបញ្ជាក់ថា ការផ្តល់យោបល់ក្នុងការបង្កើតគ្រុបតេឡេក្រាមនេះ គឺដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋថត និងរាយការណ៍ ចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ជូនដល់សមត្ថកិច្ចជំនាញ ដើម្បីអនុវត្តច្បាប់លើបុគ្គលដែលបានប្រព្រឹត្តិល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកបើកបរលើសល្បឿនកំណត់ បើកបរបញ្ច្រាសទិស និងការបើកបរល្មើសច្បាប់ផ្សេងៗទៀត ដែលហេតុបង្កឱ្យមានចំនួនគ្រោះថ្នាក់ចរាចរណ៍បន្តកើនឡើង រហូតមានអ្នកស្លាប់ និងរបួសជាបន្តបន្ទាប់។
របាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១ មានចំនួន២ ៦៧០លើក បើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន៣ ១៧៦លើក គឺថយចុះ១៦ភាគរយ ។
របាយការណ៍បញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ បង្កឱ្យមានមនុស្សស្លាប់ចំនួន១ ៤៩៧នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន១ ៦៤៦នាក់ គឺថយចំនួន១៤៩នាក់ ស្មើនឹង៩ភាគរយ។ ចំណែកអ្នករងរបួសមានចំនួន៣ ៦១៥នាក់ គឺមានការថយចុះ១ ០៧១នាក់ ស្មើនឹង២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានអ្នករងរបួសរហូតដល់ ៤ ៦៨៦នាក់ ៕