រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីដឹកនាំសម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាពសំដៅ បង្កើនភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាព នេះបើយោងតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសសម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
តាមអនុក្រឹត្យ ដែលទើបទទួលបាននៅថ្ងៃទី០៥ ខែមករា នេះបានបញ្ជាក់ថា ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ នៅតាមតំបន់ទេសចរណ៍អាទិភាព ត្រូវមានអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មការ។ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ត្រូវបានបង្កើតឡើងតាមតំបន់ចំនួន៦ រួមមាន៖
ទី១. តំបន់ឧទ្យានជាតិភ្នំគូលែន
ទី២. តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី
ទី៣. តំបន់បេតិកភណ្ឌអង្គរ
ទី៤. តំបន់ក្រុងសៀមរាប
ទី៥. តំបន់បឹងទន្លេសាប និង
ទី៦. តំបន់ទេសចរណ៍សៀមរាបថ្មី
សមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ មាន៖
- រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន,
- រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍,
- រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធាន,
- រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធាន,
- រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាសមាជិក,
- រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាសមាជិក,
- រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាសមាជិក,
- រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាសមាជិក,
- រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជាសមាជិក,
- រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាសមាជិក និងមានតំណាងក្រសួង ស្ថាប័នមួយចំនួនទៀត ជាសមាជិកផងដែរ។
គួររំលឹកថា នៅក្នុងឳកាសបុណ្យឆ្លងឆ្នាំសកលរយៈពេល មានទេសចរជាង២លាននាក់ បានចេញកម្សាន្តនៅទូទាំងប្រទេស ហើយខេត្តសៀមរាបបានក្លាយជាគោលដៅទីមួយ នៃដំណើរទៅទស្សនាកម្សាន្តរបស់ប្រជាពលរដ្ឋ ហើយបន្ទាប់មក គឺខេត្តព្រះសីហនុ ហើយតាមតួលេខបង្ហាញថា ចំនួនភ្ញៀវទេសចរណ៏មានការកើនឡើងដល់ទៅ ៦៣.៦៥ ភាគរយ ធៀបនឹងឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល២០២១៕ (មានជ័យ)