មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានចាប់ផ្តើមរុះរើបង្គោលរបងឈើ និងថ្ម ដែលហ៊ុមព័ទ្ធដោយខុសច្បាប់លើដីព្រៃស្រល់ តាមបញ្ជារបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងសកម្មភាពនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានសហការជាមួយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្ក្រាបបទល្មើសដីព្រៃ ដែលជនល្មើសបានកាប់រាន និងហ៊ុមព័ទ្ធដោយខុសច្បាប់ ស្ថិតនៅចំណុចនិយាមកាលេខ 739324-1364633 ស្ថិតក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រុមការងារបានរុះរើបង្គោលរបងឈើ និងថ្ម បន្លាលួស និងរោងដែកប្រកស័ង្គសី ដែលជនល្មើសបានបោះ ដើម្បីយករក្សាទុក និងបន្តចាត់ការតាមនីតិវិធីច្បាប់។
ការអនុវត្តនេះ គឺយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តាមលិខិតលេខ៣៨ សជណ.កធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ និងតាមការបញ្ជារបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីពាក់ព័ន្ឋ ចុះពិនិត្យ និងណែនាំដល់ប្រធានមន្ទីរកសិកម្ម ត្រូវចាត់វិធានការជាបន្ទាន់ ដោយសហការជាមួយអាជ្ញាធរខេត្ត តុលាការ និងកងកម្លាំងមានសមត្ថកិច្ច ចុះដក និងបំផ្លាញបង្គោលព្រំដីទាំងអស់ ព្រមទាំងប្រមូលវត្ថុតាង កសាង សំណុំរឿងទៅតុលាការ និងរៀបចំសាងសង់ស្នាក់ការ ឬជាប៉ុស្ដិ៍ត្រួតពិនិត្យ និងលើប៉ាណូជាផែនទី បញ្ជាក់ជាដីកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ ព្រមទាំងរៀបចំផែនការ អភិវឌ្ឍ តំបន់នេះឲ្យក្លាយជាតំបន់រុក្ខទេសចរណ៍ ស្ថានីយបង្កាត់ពូជផ្កាព្រៃ និងរុក្ខជាតិលំអ និងឱសថ ធ្វើយ៉ាងណា ប្រើប្រាស់ព្រៃចម្ការស្រល់ ទាញយកប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ នាពេលអនាគត៕
អត្ថបទ៖លាង ឡា