ភ្នំពេញ៖ យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសកម្ពុជា នៅឆ្នាំ ២០២១ សម្រេចបានក្នុងបរិមាណសរុប ៦១ម៉ឺនតោន បានធ្លាក់ចុះ ១០,៦៨ភាគរយ បើធៀបនឹងឆ្នាំ ២០២០។ ថ្វីដ្បិតការនាំចេញអង្ករធ្លាក់ចុះក៏ពិតមែន ក៏ប៉ុន្តែតួលេខនៃការនាំចេញស្រូវមានកំណើន ៦១,១៦ភាគរយ ពោលគឺកើនដល់ ៣,៥២លានតោន។
របាយការណ៍ដដែលឲ្យដឹងទៀតថា អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៥ម៉ឺនតោន ស្មើនឹង ៧៤,១៣% អង្ករសគ្រប់ប្រភេទមានចំនួន ១៤ម៉ឺនតោន ស្មើនឹង ២៤,១៦% និងអង្ករចំហុយមានចំនួន ១ម៉ឺនតោន ស្មើនឹង ១,៧១%។
បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២២ប្រទេស មានបរិមាណសរុបចំនួន ១៥ម៉ឺនតោន ថយចុះ ២៣,៥៦% ទិសដៅប្រទេសចិនមានបរិមាណសរុប ចំនួន ៣០ម៉ឺនតោន កើនឡើង ៧% ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណ សរុបចំនួន ៦ម៉ឺនតោន ថយចុះ ២៧,៣១% និងទិសដៅដទៃទៀតចំនួន ២៤ ប្រទេស មានបរិមាណសរុប ៨ម៉ឺនតោន ថយចុះ ២០,១២%។
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦២ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយ ក្រុមហ៊ុនធំៗចំនួន ១០ មានរហូតដល់ ៤៥ម៉ឺនតោន និងក្រុមហ៊ុន ៥២ដទៃទៀតបាននាំចេញ ត្រឹមតែ ១៦ម៉ឺនតោន។
ការនាំចេញស្រូវកើនឡើងបែបនេះ ដោយសារផលិតកម្មកើនឡើង ជាពិសេសប្រភេទស្រូវប្រាំង គឺស្រូវមិនប្រកាន់រដូវ ដែលមានតម្រូវការខ្ពស់សម្រាប់ទីផ្សារប្រទេសវៀតណាម។ ចំណែកការនាំចេញអង្ករធ្លាក់ចុះទាំងបរិមាណ និងតម្លៃ នាពេលនេះ ដោយសារបញ្ហាប្រឈមលើការដឹកជញ្ជូន និងកង្វះសំបកកុងតឺន័រសម្រាប់ដឹកទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប៕