ភ្នំពេញ៖ យោងតាមរបាយការណ៍បឋមរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា នៅឆ្នាំ២០២១ កន្លងទៅនេះ កម្ពុជាសម្រេចបាន តម្លៃផលិតកម្មសត្វសរុបមានទំហំ ៥,១០០ លានដុល្លារអាមេរិក មានកំណើន ៦% ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ៤,៨១៣ លានដុល្លារអាមេរិក។
របាយការណ៍ដែលបង្ហាញដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តម្លៃផលិតកម្មសត្វ ដែលកម្ពុជាសម្រេចបានរួមមាន៖
១. តម្លៃផលិតកម្មសត្វនៅក្នុងស្តុកនៅទូទាំងប្រទេសទទួលសម្រេចបានចំនួន ៣,១៥០ លានដុល្លារអាមេរិក មានកំណើនចំនួន ៧,៤%ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ២,៩៣៤ លានដុល្លារអាមេរិក។
២. តម្លៃផលិតកម្មសត្វផ្គត់ផ្គង់ក្នុងស្រុក នៅទូទាំងប្រទេសសម្រេចបានចំនួន ១,៨៨៤ លានដុល្លារអាមេរិក មានកំណើន ២,៨% ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ១,៨៣១ លានដុល្លារអាមេរិក។
៣. តម្លៃផលិតផលសត្វនាំចេញ (សត្វរស់, សាច់, ស្បែក,..) សម្រេចបានចំនួន ៦,៦១៣ លានដុល្លារអាមេរិក មានកំណើន ៤០,១% ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ៤,៧១៨ លានដុល្លារអាមេរិក៕
អត្ថបទ៖លាង ឡា