Aljazeera-
មនុស្សម្នាក់ដែលរត់ឆ្លងកាត់ព្រំប្រទល់កូរ៉េខាងត្បូង ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងចូលទៅក្នុងកូរ៉េខាងជើងកាលពីសប្តាហ៍មុន គឺជាមនុស្សដែលធ្លាប់បានរត់ចេញពីកូរ៉េខាងជើងមកចុះចូលជាមួយកូរ៉េខាងត្បូង ដែលបានតស៊ូយ៉ាងលំបាកនៅក្នុងជីវិតថ្មីរបស់គេ បើយោលទៅតាមមន្ត្រីនិងសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ ព័ត៌មានកាលពីថ្ងៃអង្គារ៍បានឲ្យដឹងថា មានការពិភាក្សាដេញដោលយ៉ាងក្តៅគគុកថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូង ថាតើគេយកចិត្តទុកដាក់យ៉ាងណាចំពោះជនដែលរត់មកចុះចូល និងបានដាក់ជាសំណួរថា តើគេបានទទួលនូវការឧបត្ថម្ភគាំទ្រគ្រប់គ្រាន់ដែរឬទេ បន្ទាប់ពីបានធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ចេញពីភាគខាងជើង ដែលក្រីក្រនិងគ្រប់គ្រងដោយតឺងរ៉ឹង ចូលមកកាន់ប្រទេសដែលមាននិងប្រជាធិបតេយ្យនៅភាគខាងត្បូង។
មន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ្នកដែលចុះចូលដែលបានវិលត្រឡប់ទៅកូរ៉េខាងជើងវិញ មានអាយុប្រហែលជា៣០ឆ្នាំ ទើបតែរត់ចូលមកក្នុងប្រទេសពីភាគខាងជើងប្រហែលជាជាង១ឆ្នាំកន្លងទៅប៉ុណ្ណោះ។ មន្ត្រីបាននិយាយថា គេមានជីវភាពរស់នៅក្រលំបាកលំបិន ខណៈដែលធ្វើការជាអ្នកយាមទ្វារ និងបោសសំអាតនៅក្នុងរដ្ឋធានីសេអ៊ូល។ "ខ្ញុំអាចនិយាយបានថា ស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុត រស់នៅក្នុងភាពត្រដាបត្រដួស" មន្ត្រីបាននិយាយ ដោយបដិសេធមិនបរិយាយលំអិតដោយព្រួយបារម្ភពីសុវត្តិភាពផ្ទាល់ខ្លួន។
គេហទំព័រព័ត៌មាន NK ក៏បានដកស្រង់ផងដែរពីមន្ត្រីកូរ៉េខាងត្បូងដែលបាននិយាយថា បុរសនោះ "មានការលំបាកនៅក្នុងជីវិតក្នុងផ្ទះថ្មីរបស់គេ"។ មន្ត្រីបាននិយាយច្រានចោលថា បុរសដែលជាអតីតអ្នកចុះចូលនោះគឺជាចារបុរស ដោយបាននិយាយថា បុរសនោះគ្មានការងារណាដែលអាចនាំឲ្យគេចូលទៅដល់កន្លែងដែលត្រូវទទួលព័ត៌មានសំខាន់នោះទេ។ យោធាកូរ៉ខាងត្បូងដែលកំពុងស្ថិតនៅក្នុងបញ្ហាក្នុងការដែលបណ្តោយឲ្យមានការរត់ឆ្លងកាតព្រំដែន បានដាក់ជាសំណួរថា តើបុរសកូរ៉េខាងជើងនោះអាចរត់គេចចេញបានដោយរបៀបណា ពីព្រោះនៅតាមព្រំប្រទល់មានកាមេរ៉ាគ្រប់ទីកន្លែង។
មន្ត្រីកូរ៉េខាងជើងមិនបានធ្វើអត្ថាធិប្បាយអំពីឧប្បត្តិហេតុហើយប្រព័ន្ធផ្សព្វផ្សាយក៏មិនបានរាយការណ៍អំពីរឿងនេះដែរ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថា ប៉ូលីសនៅភាគខាងជើងសេអ៊ូល ក្នុងស្រុក Nowon ដែលជាអ្នកផ្តល់នូវការថែរក្សាសុវត្តិភាព និងមើលថែបុរសនេះ បានលើកឡើងពីកង្វល់ដែលថា បុរសនេះអាចនឹងវិលត្រឡប់ ទៅកូរ៉េខាងជើងវិញ កាលពីខែមិថុនា៕