នេះ គឺជាដំណើរជីវិតរបស់មហាត្មៈគន្ធី បានបង្ហាញពីការផ្លាស់ប្តូរដែលគ្រប់គ្នាមិនគួរឲ្យជឿមួយ។ នៅពេលដែលមហាត្មៈគន្ធីបានធំដឹងក្តីឡើង គ្មាននរណាម្នាក់អាចទស្សន៍ទាយបានថា មានថ្ងៃណាមួយគាត់នឹងក្លាយជាអ្នកដឹកនាំអហិង្សាដ៏ល្បីល្បាញនៅក្នុងពិភពលោក ដែលមានអ្នកគាំទ្ររាប់លាននាក់ ហើយត្រូវបានចាត់ទុកគាត់ជា "បិតាជាតិ" របស់ប្រទេសឥណ្ឌានោះទេ។ ដោយសារតែគាត់ជាក្មេងប្រុសដែលមានភាពខ្មាស់អៀន និងស្ងប់ស្ងាត់ខ្លាំងណាស់ និងក៏ជាមនុស្សដែលមិនសូវមានទំនុកចិត្តលើខ្លួនឯងផងដែរ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវរត់ចេញពីសាលាមកផ្ទះ ដូច្នេះគាត់មិនចាំបាច់ត្រូវនិយាយជាមួយអ្នកណានោះទេ ដោយសារតែគាត់ខ្លាចក្មេងដទៃផ្សេងទៀតសើចចំអកគាត់។ គាត់មិនចូលចិត្តលេងកីឡា ហើយរៀនក៏មិនសូវពូកែផងដែរ។ ថ្វីត្បិតតែគាត់រៀនពូកែខាងភាសាអង់គ្លេស ប៉ុន្តែ គណិតវិទ្យានៅកម្រិតមធ្យម ហើយខ្សោយខាងភូមិវិទ្យា ដូច្នេះគាត់ជាសិស្សដែលមានមធ្យមភាគ មធ្យម។ គាត់ក៏ជាមនុស្សដែលមានការភ័យស្លន់ស្លោ រាល់ពេលដែលគាត់និយាយនៅមុខមនុស្សម្នាជាច្រើន។ ដូច្នេះ តើមនុស្សម្នាក់ដែលស្ទើរតែមិនអាចនិយាយនៅចំពោះមុខមនុស្សជាច្រើនបែបនេះ អាចដឹកនាំប្រទេសជាតិខ្លួនដើម្បីទទួលឯករាជ្យបានយ៉ាងម៉េចទៅ?
ដំបូងឡើយ គាត់តែងតែគិតថា ភាពអៀនខ្មាស់របស់គាត់ គឺជារឿងអាក្រក់មួយ ហើយគាត់បានព្យាយាមយ៉ាងខ្លាំងដើម្បីផ្លាស់ប្តូរវា ប៉ុន្តែការព្យាយាមរបស់គាត់មិនបានទទួលជាផ្លែផ្កាអ្វីនោះទេ។ ក្រោយពីរៀនចប់នៅវិទ្យាល័យ គាត់បានចាកចេញពីផ្ទះ ដើម្បីបន្តការសិក្សាផ្នែកច្បាប់នៅទីក្រុងឡុងដ៍។ ក្នុងអំឡុងពេលនៅប្រទេសអង់គ្លេស គាត់មានឱកាសជាច្រើនក្នុងការនិយាយជាសាធារណៈ ហើយមានពេលមួយនោះ គឺជាពេលដ៏ឈឺចាប់បំផុតក្នុងជីវិតរបស់គាត់។ គាត់បាននៅក្នុងសហគមន៍ដែលបរិភោគអាហារបួសមួយ នៅទីក្រុងឡុងដ៍ ហើយត្រូវធ្វើបទបង្ហាញមួយនៅទីនោះ។ គាត់បានរៀបចំអត្ថបទសម្រាប់ការឡើងនិយាយរបស់គាត់ជាមុន ហើយបានហាត់សមវាជាច្រើនដងទៀតផង។ ប៉ុន្តែ បន្ទាប់ពីបាននិយាយត្រឹមមួយឃ្លាប៉ុណ្ណោះ គាត់បានចាប់ផ្តើមភ័យស្លន់ស្លោនៅលើឆាកតែម្តង។ ភ្នែករបស់គាត់ ចាប់ផ្តើមមើលទៅព្រិលៗ ហើយខ្លួនរបស់គាត់ក៏ញ័រជាខ្លាំង ដោយសារតែមានការភ័យខ្លាច។ គាត់មិនអាចនិយាយបន្តទៀតបានទេ ក៏ត្រូវសុំឱ្យអ្នកផ្សេងអានអត្ថបទរបស់គាត់ដែលនៅសល់ជំនួសវិញ។ ការភ័យខ្លាចក្នុងការនិយាយជាសាធារណៈ នៅតែជាបន្ទុកដ៏ធំមួយសម្រាប់គាត់ ហើយទោះបីជាគាត់បានក្លាយជាមេធាវីម្នាក់ក៏ដោយ។ បន្ទាប់ពីគាត់ប្រឡងជាប់ និងបានក្លាយជាមេធាវី គាត់ក៏បានត្រឡប់ទៅផ្ទះរបស់គាត់នៅប្រទេសឥណ្ឌាវិញ ប៉ុន្តែគួរឲ្យសោកស្តាយ ពេលគាត់បានទៅដល់ប្រទេសឥណ្ឌា ទើបគាត់បានដឹងដំណឹងថា ម្តាយរបស់គាត់បានទទួលមរណភាពហើយ។ ក្នុងអំឡុងពេលសវនាការនៅចំពោះមុខចៅក្រមដំបូង គាត់បានចាប់ផ្តើមមានការភ័យស្លន់ស្លោជាខ្លាំងម្តងទៀត។
"ខ្ញុំបានក្រោកឈរឡើង ប៉ុន្តែបេះដូងរបស់ខ្ញុំបានធ្លាក់ចូលទៅក្នុងស្បែកជើងរបស់ខ្ញុំបាត់ទៅហើយ។ ខ្ញុំមិនអាចគិតពីសំណួរដើម្បីចោទសួរបាននោះទេ។ ចៅក្រមច្បាស់ជាសើចមកលើរូបខ្ញុំហើយ"។
ដោយភាពអាម៉ាស់ និងការសើចចំអក គាត់បានចាកចេញពីបន្ទប់សវនាការ ហើយដោយសារបរាជ័យក្នុងសំណុំរឿងក្តីដំបូងរបស់គាត់ បានធ្វើឲ្យគាត់បាត់បង់ទំនុកចិត្តលើខ្លួនឯងទាំងស្រុងតែម្តង ប៉ុន្តែគាត់មិនបានបោះបង់ចោលនូវការងាររបស់គាត់នោះទេ។ បន្ទាប់មក គាត់បានធ្វើដំណើរទៅអាហ្វ្រិកខាងត្បូងសម្រាប់ដោះស្រាយរឿងក្តីមួយ ហើយគាត់ក៏បានបន្តស្នាក់នៅទីនោះអស់រយៈពេល 21 ឆ្នាំ។ ប៉ុន្តែនៅទីនោះ គាត់ត្រូវបានគេរើសអើងដោយសារតែពណ៌សម្បុររបស់គាត់។ ការស្នាក់នៅរបស់គាត់នៅអាហ្វ្រិកខាងត្បូង បានក្លាយជាបទពិសោធន៍ដ៏សំខាន់បំផុតមួយនៅក្នុងជីវិតរបស់គាត់ ព្រោះវាធ្វើឲ្យគាត់កាន់តែមានទំនុកចិត្តលើខ្លួនឯងឡើងបន្តិចម្ដងៗ រហូតបានធ្វើឱ្យគាត់ក្លាយជាមេធាវីដ៏ស្មោះត្រង់ម្នាក់ ដែលតែងតែតស៊ូប្រឆាំងនឹងអ្វីដែលគាត់គិតថាជារឿងត្រឹមត្រូវ។ បន្ទាប់ពីបានក្លាយជាមេធាវីអស់រយៈពេល 20 ឆ្នាំមកនេះ គាត់បានបោះបង់ការងាររបស់ខ្លួន ដើម្បីបម្រើប្រយោជន៍សាធារណៈ ហើយក៏បានចាប់ផ្តើមយុទ្ធនាការសន្តិភាពសម្រាប់សិទ្ធិស៊ីវិល។ ការស្នាក់នៅរបស់គាត់ នៅអាហ្វ្រិកខាងត្បូង គឺជាការបណ្តុះបណ្តាលដ៏ល្អឥតខ្ចោះសម្រាប់គាត់ ពីព្រោះគាត់នឹងក្លាយជាបុរសម្នាក់ ដែលនឹងក្លាយខ្លួនជាអ្នកដឹកនាំប្រទេសរបស់គាត់ឲ្យមានសេរីភាពឡើងវិញ។ មហាត្មៈ គន្ធី បានដឹកនាំចលនាសេរីភាព (Freedom Movement) នៅក្នុងប្រទេសឥណ្ឌា ដើម្បីដណ្តើមឯករាជ្យជាតិពីការគ្រប់គ្រងរបស់អង់គ្លេស ដោយបង្កើតយុទ្ធនាការសន្តិភាពដ៏ធំមួយ។
គាត់ គឺជាអ្នកដឹកនាំអហិង្សាដ៏ល្បីល្បាញម្នាក់នៅក្នុងពិភពលោក ហើយនៅទូទាំងប្រទេសឥណ្ឌា គាត់ត្រូវបានគេចាត់ទុកថាជា បិតាជាតិ។ ប៉ុន្តែគួរឱ្យស្តាយដែលគាត់បានចាកចេញពីពិភពលោកនេះ ដោយសារការធ្វើឃាត ប៉ុន្តែគាត់នឹងត្រូវបានគេចងចាំជានិច្ចថា ជាវីរបុរសដែលបានជួយជីវិតមនុស្សរាប់ពាន់លាននាក់។ មហាត្មៈ គន្ធី មានបំណងចង់ធ្វើការផ្លាស់ប្តូរ។ គាត់បានទទួលស្គាល់ភាពអៀនខ្មាស់ និងភាពស្ងប់ស្ងាត់របស់គាត់ ហើយផ្លាស់ប្តូរវាទៅជាសំឡេងដ៏មានឥទ្ធិពលសម្រាប់សន្តិភាព។ សំឡេងដែលដឹកនាំប្រទេសឥណ្ឌាឲ្យទទួលបាននូវឯករាជ្យភាពជាតិ។ ដូច្នេះ ប្រសិនបើ គាត់ ដែលជាសិស្សមានមធ្យមភាគ មធ្យមម្នាក់ ជាក្មេងមានការខ្មាស់អៀន និងស្ងាត់ស្ងៀម ហើយធ្លាប់រត់ចេញពីសាលាដើម្បីតែត្រឡប់មកផ្ទះវិញ មិនសូវមានទំនុកចិត្តលើខ្លួនឯង ត្រូវបានគេសើចចំអក តែងតែមានភាពស្លន់ស្លោរាល់ពេលដែលគាត់ហារមាត់និយាយនៅកាន់អ្នកដទៃ បានក្លាយជាវីរបុរសម្នាក់ ព្រមទាំងជាកម្លាំងដ៏មានឥទ្ធិពលមួយ ដែលអាចផ្លាស់ប្តូរពិភពលោកបាន អញ្ចឹងសាកស្រមៃមើលថា ក្នុងជីវិតរបស់អ្នក អ្នកអាចធ្វើបានដល់កម្រិតណា។ នៅក្នុងជីវិតរបស់អ្នកតែងតែមានចំណុចមួយ ដែលអ្នកនឹងមានការផ្លាស់ប្តូរ ទោះបីជាមិនមានឥទ្ធិពលខ្លាំងក្លាដូចមហាត្មៈ គន្ធី ឬបុគ្គលល្បីៗនៅលើពិភពលោកក៏ដោយ។ ភាពជឿជាក់លើការផ្លាស់ប្តូរ តែងតែមាន ហេតុអ្វីត្រូវបោះបង់ចោលពិភពលោកដ៏ស្រស់ស្អាតមួយនេះ!!!