ភ្នំពេញ៖ បើទោះបីជាវិបត្តិជំងឺកូវីដ១៩ បានអូសបន្លាយអស់រយៈពេលពីរឆ្នាំដែលបង្កផលប៉ះពាល់ដល់វិស័យសំខាន់ៗមួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាមួយចំនួនក៏ដោយក្តី ក៏ប៉ុន្តែវិស័យធនាគារ និងហិរញ្ញវត្ថុវិញ នៅតែបន្តរក្សាបានកំណើនរឹងមាំទាំងការផ្តល់ឥណទាន និងការទទួលប្រាក់បញ្ញើអតិថិជន។
យោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ ២០២១ និងទស្សនវិស័យឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ការផ្តល់ឥណទានរបស់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា គិតនៅត្រឹមឆ្នាំ ២០២១ មានតម្លៃទឹកប្រាក់សរុបចំនួន ៤៥,៧ប៊ីលានដុល្លារ ដែលត្រូវបានបែងចែកទៅគ្រប់វិស័យ។ តួលេខនេះ បានកើនឡើង ២១,២ភាគរយ បើធៀបនឹងឆ្នាំ ២០២០។
របាយការណ៍ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងទៀតថា ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាស ដែលមានចំណូលធ្លាក់ចុះ និងគ្រប់គ្រងសម្ពាធមកលើឥណទានមិនដំណើរការ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឲ្យបន្តរៀបចំឥណទានឡើងវិញលើគ្រប់វិស័យ ដែលសរុបមានចំនួន ៣៧ម៉ឺនគណនី ស្មើនឹង ៥,៥ប៊ីលានដុល្លារ។
គួររំលេចថា ជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារបន្តមានភាពរឹងមាំ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់បញ្ញើអតិថិជនដែលមានអត្រា ១៥,៤ភាគរយ ស្មើនឹង ៣៨,៥ ប៊ីលានដុល្លារ។
ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងយ៉ាងឆាប់រហ័ស ដូចជា ការទិញ-លក់អនឡាញជាដើម។ ជាមួយគ្នានេះ ការប្រើប្រាស់មធ្យោបាយទូទាត់អេឡិចត្រូនិកក៏បានកើនឡើងផងដែរ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការផ្ទេរប្រាក់ និងការទូទាត់ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស ព្រមទាំងបានរួមចំណែកទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ តាមរយៈការប៉ះពាល់ដោយផ្ទាល់ទៀតផង៕
អត្ថបទ៖ ថូ សិរីវឌ្ឍន៍