ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឲ្យដឹងថានៅក្នុងឳកាសថ្ងៃឆ្លងឆ្នាំសកល ២០២១ ឈានចូលឆ្នាំ២០២២ មានភ្ញៀវទេសចរចំនួន ១៨៩ ៤៣៦នាក់ បានដើរកម្សាន្តក្នុងរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៨៩ ០០០នាក់។
លោក ង៉ូវ សេងកាក់ បានឲ្យដឹងដែរថាក្នុងចំណោមភ្ញៀវទេសចរណ៏ខាងលើនេះ ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានពី៧៥-៨០ភាគរយ ដែលប្រមាណជា ១៤០ ០០០-១៥០ ០០០នាក់ ហើយធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់៖ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ១៧០ ០០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៥ ០០០នាក់, សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ១៤ ០០០នាក់។ ចំណែកភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៤៣៦ នាក់។
ទាក់ទងបញ្ហានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសឆ្លងឆ្នាំសកល២០២១ ឆ្លងចូល២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន១សែននាក់ ក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាបមានអ្នកចូលទស្សនាច្រើនជាងគេ។ បើតាម លោក ថោង ខុន ខេត្តសៀមរាប ទទួលបាន ភ្ញៀវទេសចរណ៏ ១៨៩,៤៣៦នាក់។
យោងតាមតួលេខខាងលើនេះ លោក ថោង ខុន បាន បញ្ជាក់ថា ភ្ញៀវទេសចរ មានការកើនឡើងដល់ទៅ៦៣.៦៥ ភាគរយ ធៀបនឹងឱកាសឆ្លងឆ្នាំសកល២០២០ឆ្លងចូល២០២១។ លោកថា គោ លដៅទេសចរណ៍នានានៅទូទាំងប្រទេសសុទ្ធតែ ទទួលបានចំនួនភ្ញៀវទេសចរយ៉ាង ផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ ១០០ ភាគរយ ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ផ្សេងៗក៏បានបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញកាន់តែច្រើនឡើង។
ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន ដោយមាន ការទទួលទានអាហារ-ភេសជ្ជៈ ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ-មិត្តភក្តិ ខ្លះទៀតក៏បានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋានផាប់ (Pub) និង Sky Bar នានា ៕