ប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៏នៅក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨គ.ម ពីអូរជ្រៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃច័ន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ នេះ ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា គ្រាន់តែក្នុងឳកាស បុណ្យឆ្លងឆ្នាំ សកលមានទេសចរ ជាង២លាននាក់ បានចេញកម្សាន្តនៅទូទាំងប្រទេស ដែលបញ្ហានេះបានក្លាយជាព្រឹត្តិការណ៍នៃជាការសាកល្បង សម្រាប់ការបើកប្រទេសឡើងវិញ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន បញ្ជាក់ថា គ្រាន់តែរយៈពេល ៣ថ្ងៃ ចំនួនភ្ញៀវទេសចរណ៍ ជាង២លាននាក់ បានចេញកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស ហើយ គ្រាន់តែថ្ងៃឆ្លងឆ្នាំជាង១ លាន ១ សែននាក់ ។ បើតាម សម្ដេច នាយករដ្ឋមន្រ្តី នៅក្នុងយៈពេល៣ថ្ងៃនេះ សៀមរាបបានក្លាយជាគោលដៅទីមួយ នៃដំណើរទៅទស្សនាកម្សាន្តរបស់ប្រជាពលរដ្ឋហើយលេខ២ គឺខេត្តព្រះសីហនុ ។ សម្ដេច បញ្ជាក់ថានៅក្នុងឱកាសឆ្លងឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរ យើងមិនបានចេញទៅក្រៅប្រទេសទេគឺដើរលេងនៅក្នុងប្រទេសរបស់ខ្លួន ហើយនៅតាមសណ្ឋាគារមួយចំនួន មានតម្លៃរហូតដល់ខ្ទង់៣ពាន់ដុល្លារ ។
ថ្លៃជាង តម្លៃសណ្ឋាគារមួយចំនួននៅក្រៅប្រទេសផង ហើយបើផ្អែកតាមរបាយការណ៍បញ្ជាក់ថា ប្រជាពលរដ្ឋយើងមានលទ្ធភាពដេកតាមសណ្ឋាគារ ដែលមានតម្លៃថ្លៃ ដែល ពីមុនប្រជាពលរដ្ឋខ្មែរយើងយកលុយទៅដេកនៅសណ្ឋាគារបរទេស ប៉ុន្តែបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរយើងយកលុយដេកនៅក្នុងប្រទេសវិញ ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចរបស់យើងបានងើបឡើងវិញផងដែរ។
តាមរបាយការណ៏ក្រសួងទេសចរណ៏ បាន ឲ្យដឹងដែរថា នៅក្នុងឳកាសឆ្លងឆ្នាំសកល២០២១ ឆ្លងចូល២០២២ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ភ្ញៀវទេសចរសរុបមានចំនួន១,១៤៥,១៤១នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន១,១៣៩,៣៨៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៥,៧៥៤នាក់ ហើយគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ រាជធានីភ្នំពេញ៖ ៣៦៥,៦៥៣នាក់, ខេត្តសៀមរាប៖ ១៨៩,៤៣៦នាក់, ខេត្តកំពត៖ ៩៦,១៣៨ នាក់, ខេត្តកំពង់ស្ពឺ៖ ៨០,១០០នាក់, ខេត្តកំពង់ឆ្នាំង៖ ៧១,៨៦៩នាក់, ខេត្តកែប៖ ៦៦,១៣៥នាក់, ខេត្តព្រះសីហនុ៖ ៥៥,៧១៧នាក់។
យោងតាមតួលេខខាងលើនេះ ឃើញថា ចំនួនភ្ញៀវទេសចរណ៏មានការកើនឡើងដល់ទៅ ៦៣.៦៥ ភាគរយ ធៀបនឹងឱកាសឆ្លងឆ្នាំសកល២០២០ ឆ្លងចូល២០២១៕