Wilmington-(AP)
បន្ទាប់ពីការជជែកគ្នាយ៉ាងស្វិតស្វាញរវាងប្រធានាធិបតី Joe-Biden និង Vladimir Putin លើរឿងការប្រមូលផ្តុំកងទ័ពនៅតាមព្រំប្រទល់អ៊ុយក្រែន ទាំងសងខាងបានទទូចថា ពួកគេមានសង្ឃឹមផ្លូវទៅកាន់ការកាត់បន្ថយនូវភាពតានតឹងអាចនឹងបើកផ្លូវហើយ ធ្វើទៅបានក្នុងអម្លុងពេលជជែកផ្នែកការទូតនៅក្នុងខែមករា។ ប៉ុន្តែក្នុងរយៈពេលតិចជាង២សប្តាហ៍ មុនពេលដែលមន្ត្រីអាមេរិក និងរុស្សីនឹងត្រូវជួបគ្នានៅក្នុងទីក្រុងហ្សឺណែវ ការខ្វែងគំនិតគ្នាមានលក្ខណៈជ្រាលជ្រៅមែនទែន ហើយទិដ្ឋភាពក្នុងការស្វែងរកច្រកចេញនៃវិបត្តិនេះមានភាពស្មុគស្មាញខ្លាំងមែនទែន។
Biden កាលពីថ្ងៃសុក្របានប្រាប់អ្នកយកព័ត៌មានថា លោកបានទូន្មាន Putin នៅពេលដែលសន្ទនាតាមទូរស័ព្ទមួយថ្ងៃមុនថា “ការជជែកគ្នានៅក្នុងពេលខាងមុខនឹងអាចដំណើរការទៅបាន បើសិនជាមេដឹកនាំរុស្សីបន្ថយកំដៅមិនមែនតំលើងកំដៅស្ថានការណ៍នោះទេ”។ ប៉ុន្មានថ្ងៃមុននេះ លោក Biden បាននិយាយថាលោកក៏បានស្វែងរកនូវការបញ្ជាក់ឲ្យច្បាស់ចំពោះ Putin ថា អាមេរិកនិងសម្ព័ន្ធមិត្តបានប្រុងប្រៀបរួចជាស្រេច ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើសិនជារុស្សីឈ្លានពានទៅលើអ៊ុយក្រែនបន្ថែមទៀត។
“ខ្ញុំបានបញ្ជាក់ច្បាស់ជាមូយ Putin ថាបើសិនជា លោកធ្វើនូវទង្វើបន្ថែមទៀតទៅលើអ៊ុយក្រែន យើងនឹងមានមានទណ្ឌកម្មដ៏ធ្ងន់ធ្ងរ” Biden បាននិយាយ "យើងនឹងបង្កើនវត្តមានរបស់យើងជាមួយនិងសម្ព័ន្ធមិត្តនៅអឺរ៉ុប”។ ទន្ទឹមគ្នានោះដែរក្រុមសន្តិសុខជាតិរបស់ Biden កាលពីថ្ងៃសុក្រ បានបង្វែរការចាប់អារម្មណ៍របស់ខ្លួនទៅកាន់ការប្រុងប្រៀប ដើម្បីជជែកគ្នានៅទីក្រុងហ្សឺណែវ ដែលនឹងធ្វើឡើងនៅថ្ងៃ៩-១០ ដើម្បីជជែកអំពីការដែលរុស្សីបានប្រមូលផ្តុំកងទ័ពចំនួន ១០០,០០០នាក់ នៅតាមព្រំប្រទល់អ៊ុយក្រែន។
ការជជែកគ្នានៅទីក្រុងហ្សឺណែវ ភាគីខាងអាមេរិកដែលនឹងដឹកនាំដោយ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស នឹងជួបជជែកជាបន្តទៅទៀតជាមួយ កិច្ចប្រជុំក្រុមប្រឹក្សារ រុស្សី-NATO និងកិច្ចប្រជុំនៃអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការណ៍ក្នុងអឺរ៉ុប។ កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បានសន្ទនាខ្លីៗតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស កាណាដា Melanie Joly, រដ្ឋមន្ត្រីក្រសួងការបរទេស អុីតាលី Luigi Di Mail និងអគ្គលេខាធិការ NATO Jens Stoltenberg អំពីការសន្ទនារវាងលោកប្រធានាធិបតី Joe- Bide និងលោកប្រធានាធិបតី Vladimir Putin៕