ការសិក្សាថ្មីមួយបាននិយាយថា ការប្រែប្រួលអាកាសធាតុនឹងពង្រីកវិសាលភាពនៃព្យុះស៊ីក្លូនត្រូពិច ដែលធ្វើអោយមនុស្សរាប់លាននាក់ទៀតងាយរងគ្រោះ ដោយសារព្យុះបំផ្លិចបំផ្លាញទាំងនេះ។ នាពេលបច្ចុប្បន្ននេះ ខ្យល់ព្យុះស៊ីក្លូនទាំងនេះ ឬខ្យល់ព្យុះសង្ឃរា ត្រូវបានបោះបក់ទៅកាន់តំបន់ត្រូពិចភាគខាងជើង និងភាគខាងត្បូងនៃអេក្វាទ័រ។ តំបន់នេះរួមមានទីក្រុងដូចជា ញូវយ៉ក ប៉េកាំង បូស្តុន និងតូក្យូ។
អ្នកវិទ្យាសាស្ត្រដែលពាក់ព័ន្ធបាននិយាយថា ការងាររបស់ពួកគេបង្ហាញនៅចុងសតវត្សនេះ ខ្យល់ព្យុះស៊ីក្លូន ទំនងជានឹងកើតឡើងក្នុងរយៈចម្ងាយដ៏ធំទូលាយជាងអ្វីដែលពួកគេមានក្នុងរយៈពេលបីលានឆ្នាំមកនេះ។ វេជ្ជបណ្ឌិត Studholme គឺជាអ្នកនិពន្ធនាំមុខគេនៃការសិក្សាថ្មីនេះ ដែលគម្រោងថាអាកាសធាតុក្តៅនឹងឃើញមានការកកើតនៃប្រភេទព្យុះទាំងនេះបន្ថែមទៀត នៅពាក់កណ្តាលរយៈទទឹងនៃភពផែនដី ដែលប្រជាជនភាគច្រើននៅលើពិភពលោករស់នៅ និងកន្លែងដែលសកម្មភាពសេដ្ឋកិច្ចភាគច្រើនកើតឡើង។
លោកបានពន្យល់ថា នៅពេលដែលពិភពលោកកាន់តែក្តៅ ភាពខុសគ្នានៃសីតុណ្ហភាពរវាងតំបន់អេក្វាទ័រ និងតំបន់ប៉ូលនឹងធ្លាក់ចុះ ហើយនេះនឹងប៉ះពាល់ដល់ការបោះបក់នៃខ្យល់ធម្មតា។ ជាធម្មតា ទន្លេដែលមានកម្ពស់ខ្ពស់នៃខ្យល់ទាំងនេះដើរតួជាអ្នកការពារព្រំដែនសម្រាប់ព្យុះសង្ឃរា ដោយរក្សាវាឱ្យជិតទៅនឹងខ្សែអេក្វាទ័រ។ "នៅពេលដែលអាកាសធាតុក្តៅ សកម្មភាពបោះបក់នៃខ្យល់ធម្មតា នោះដែលកើតឡើងនៅរយៈទទឹងកណ្តាលនៃភពផែនដី នឹងចុះខ្សោយ ហើយក្នុងករណីធ្ងន់ធ្ងរ វាត្រូវបានបំបែក ដែលអនុញ្ញាតឱ្យប្រភេទនៃខ្យល់ព្យុះស៊ីក្លូននេះកើតឡើង"។
សំណួរនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្សទៅលើខ្យល់ព្យុះ គឺមានភាពចម្រូងចម្រាសនាពេលកន្លងមក ប៉ុន្តែការស្រាវជ្រាវថ្មីៗបានបង្ហាញថាពីទំនាក់ទំនងនេះឲ្យកាន់តែច្បាស់។ កាលពីខែសីហាកន្លងទៅ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានចេញផ្សាយផ្នែកដំបូងនៃរបាយការណ៍វាយតម្លៃទីប្រាំមួយរបស់ខ្លួន ដោយទាក់ទងនឹងវិទ្យាសាស្ត្រនៃអាកាសធាតុក្តៅ។ ទាក់ទងទៅនឹងខ្យល់ព្យុះសង្ឃរា និងខ្យល់ព្យុះស៊ីក្លូនត្រូពិច អ្នកនិពន្ធបាននិយាយថា ពួកគេមាន "ទំនុកចិត្តខ្ពស់" ថាភស្តុតាងនៃឥទ្ធិពលរបស់មនុស្សបានពង្រឹងឥទ្ធិពលរបស់វា។
IPCC បាននិយាយថា "សមាមាត្រនៃខ្យល់ព្យុះស៊ីក្លូនត្រូពិចខ្លាំង ល្បឿនខ្យល់ព្យុះស៊ីក្លូនត្រូពិចកម្រិតកំពូលជាមធ្យម និងល្បឿនខ្យល់កំពូលនៃព្យុះស៊ីក្លូនត្រូពិចខ្លាំងបំផុត នឹងកើនឡើងនៅលើមាត្រដ្ឋានពិភពលោក ជាមួយនឹងការកើនឡើងកំដៅផែនដី" ។ ការស្រាវជ្រាវថ្មីដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានប្រើប្រាស់ភស្តុតាងជាច្រើនដើម្បីបង្ហាញថា ព្យុះស៊ីក្លូនត្រូពិចនាពេលអនាគត ទំនងជានឹងកើតឡើងកាន់តែធំទូលាយជាងការគិតពីមុន។
ការពង្រីកឥទ្ធិពលនៃព្យុះទាំងនេះ នឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោក ជាពិសេសនៅពេលដែលផលប៉ះពាល់ផ្សេងទៀតនៃការឡើងកំដៅ បានចូលផ្សំជាមួយគ្នា។
អត្ថបទដកស្រង់ពី Matt McGrath
បកប្រែនិងកែសម្រួលដោយ Mr. Blue