Inews-
ជនជាតិអង់គ្លេសដែលលាក់ខ្លួននៅក្នុងរូងភ្នំពីពួកតាលីបង់នៅលើភ្នំ ដែលពោរពេញទៅដោយទឹកកកក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថាស្ថានភាពរបស់ពួកគេបានធ្លាក់ទៅក្នុងភាពអស់សង្ឃឹម ប៉ុន្តែបានបដិសេធមិនព្រមចាកចេញសង្រ្គោះខ្លួនឯង ដោយទុកឲ្យប្រពន្ធរស់នៅតែម្នាក់ឯងទៅតាមវាសនារបស់នាង។ ជនជាតិអង់គ្លេសម្នាក់នេះដែលរស់នៅជាមួយប្រពន្ធបានបញ្ចេញឲ្យដឹងថា ខ្លួនអស់សង្ឃឹមកាន់តែខ្លាំងក្នុងការដែលប្រឈមទៅនឹងសីតុណ្ហភាពត្រជាក់រហូតដល់កក ហើយនិងការព្រួយបារម្ភថា អាចនឹងត្រូវចាប់ខ្លួនដោយពួកតាលីបង់។
Ahmed ដែលបានដូរឈ្មោះរបស់ខ្លួន ដើម្បីការពារអត្តសញ្ញាណរបស់ខ្លួន, អាយុ៤២ឆ្នាំសញ្ជាតិអង់គ្លេសនៅទីក្រុង Middlesbrough ដែលកំពុងរស់នៅតែលតោលនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាមួយនឹងប្រពន្ធដែលមានអាយុ២២ឆ្នាំ។ លោកបានធ្វើដំណើរទៅកាន់ អាហ្វហ្គានីស្ថានដើម្បីធ្វើបុណ្យសពម្តាយរបស់លោក បន្ទាប់ពីម្តាយរបស់លោកបានទទួលមរណៈភាពដោយកូវីដ-19 ហើយលោកក៏បានជាប់នៅក្នុងប្រទេស នៅពេលដែលពួកតាលីបង់ឡើងកាន់អំណាច។
គូរស្នេហ៍ទាំង២នេះបានលាក់ខ្លួននៅក្នុងរូងភ្នំមួយអស់រយៈពេលច្រើនជាង២ខែ ហើយលោកបាននិយាយថា ស្ថានភាពរបស់គេបានធ្លាក់ទៅក្នុងភាពអស់សង្ឃឹមខ្លាំងមែនទែន ខណៈដែលគេបានតស៊ូហូបម្ហូបដែលសេសល់ ដើម្បីរស់ហើយដែលជាញឹកញយផឹកទឹកភ្លៀងតាមថ្លុក។ Ahmed ប្រាប់ inews ថា ការភ័យខ្លាចរបស់គាត់បានកើនឡើង បន្ទាប់ពីបានលេចលឺថាបុរសជនជាតិអង់គ្លេសម្នាក់ Grant Bailey បានត្រូវគេរាយការណ៍មកថា បានបាត់ខ្លួននៅក្នុងអាហ្វហ្គានីស្ថានបន្ទាប់ពីបានចាប់ខ្លួនដោយពួកតាលីបង់។
“ឥឡូវនេះពួកតាលីបង់មានកំហឹង ដូច្នេះពូកគេចាប់ខ្លួនជនបរទេស ហើយខ្ញុំមានការភ័យខ្លាចថា ពួកគេនឹងប្រើប្រាស់ពួកយើង ដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលអង់គ្លេស និងអាមេរិកដើម្បីចរចារជាមួយពួកគេ” Ahmed ប្រាប់ Inews ។ ខ្ញុំប្រាកដជាភ័យខ្លាចណាស់ នៅពេលដែលខ្ញុំបានអានព័ត៌មានអំពី Grant Bailey ត្រូវបានចាប់ខ្លួនដោយពួកតាលីបង់ និងធ្វើឲ្យខ្ញុំកាន់តែព្រួយបារម្ភកាន់តែខ្លាំងពីជីវិតរបស់ពួកយើង”។
Ahmed បានប្រាប់ឲ្យដឹងថា ឥឡូវនេះកំពុងធ្លាក់ទឹកកកនៅលើភ្នំ ធ្វើឲ្យលោកនិងប្រពន្ធមានការត្រជាក់ជាខ្លាំង ក្នុងការស្វែងរកចំណីអាហារ ពួកគេពឹងពាក់ទៅលើជនជាតិអាហ្វហ្គានីស្ថាន សុំនំបុ័ងពីពួកគេ និងសុំពួកគេសាកថ្មទូរស័ព្ទ ប៉ុន្តែលោកនិយាយថា ពីបាកនឹងស្វែងរកឬជួបពួកគេណាស់៕