ភ្នំពេញ៖ បេក្ខជនជាសិស្ស ដែលកើតជំងឺកូវីដ ប្រភេទថ្មី( អូមីក្រុង ) ត្រូវបានរៀបចំឱ្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដាច់ដោយឡែកនៅមណ្ឌលព្យាបាល ខណៈកំណែវិញ្ញាសារ នឹងធ្វើឡើងដោយមានការប្រុងប្រយ័ត្នខ្ពស់។
លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា បេក្ខជនកើតជំងឺកូវីដ ប្រភេទថ្មី( អូមីក្រុង ) ត្រូវបានដាក់ឱ្យប្រឡងនៅមណ្ឌលព្យាបាលកូវីដ-១៩ ក្រោមការឃ្លាំមើលពីមន្រ្តីពាក់ព័ន្ឋដោយប្រុងប្រយ័ត្នខ្ពស់។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍បញ្ជាក់ថា ចំពោះកំណែលើវិញ្ញាសារ របស់បេក្ខជនកើតជំងឺកូវីដ ប្រភេទថ្មី( អូមីក្រុង ) ក៏ត្រូវធ្វើឡើងក្នុងលក្ខណៈពិសេសដែរ ដោយត្រូវសម្លាប់មេរោគលើកំណែវិញ្ញាសារ អ្នកធ្វើកំណែត្រូវពាក់ស្រោមដៃ ពាក់ម៉ាស លាងសម្អាតដៃ នឹងពាក់អាវការពារផងដែរ។
សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ មានបេក្ខជនជាកីឡាការ៉ាតេដូ ចំនួន២នាក់ បានកើតជំងឺកូវីដ-១៩ ប្រភេទថ្មី( អូមីក្រុង ) ។ ពួកគេទាំង២នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បញ្ជូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបវិលត្រឡប់មកដល់កម្ពុជាវិញ និងត្រូវបានរកឃើញឆ្លងជំងឺកូវីដ ប្រភេទថ្មី។
ជុំវិញករណីនេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រឡងដល់បេក្ខជនទាំង២នាក់ នៅក្នុងមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន។
សូមជម្រាបដែរថា ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនចុះឈ្មោះប្រឡង ចំនួន១៤៤១៨៣នាក់ ក្នុងនោះមានមណ្ឌលប្រឡង ចំនួន ២០៤មណ្ឌល និងមានចំនួន ៤,៦៥១បន្ទប់៕
អត្ថបទ៖ លាង ឡា