អាប្រាហាំ លីនខូន (Abraham Lincoln) បានកើតនៅក្នុងបន្ទប់តូចមួយ។ គ្រួសាររបស់គាត់ក្រីក្រខ្លាំងណាស់ ហើយត្រូវផ្លាស់ប្តូរកន្លែងស្នាក់នៅជាច្រើនដង ដូច្នេះកុមារភាពរបស់គាត់ គឺមិនដែលស្គាល់ថាអ្វីទៅជាភាពល្អឥតខ្ចោះ។ គាត់ប្រឈមនឹងការបរាជ័យ និងការខកចិត្តស្ទើរតែពេញមួយជីវិតរបស់គាត់។ នៅអាយុ 9 ឆ្នាំ អាប្រាហាំបានបាត់បង់ម្តាយរបស់គាត់ដោយសារជំងឺ ហើយគាត់បានខូចចិត្តដែលមិនអាចថ្លែងបាន។ ដូចក្មេងៗដទៃទៀតផងដែរ គាត់នឹកម្តាយរបស់គាត់ខ្លាំងណាស់ ប៉ុន្តែមួយឆ្នាំក្រោយមក ឪពុករបស់គាត់ ក៏បានរៀបការជាមួយស្ត្រីមេម៉ាយដែលមានកូនបីនាក់ ហើយអាប្រាហាំ ក៏មានការពេញចិត្តនឹងគាត់ផងដែរ ហើយថែមទាំងមានភាពស្និទ្ធស្នាលនឹងគាត់រហូតដល់គាត់ហៅថាម្តាយទៀតផង។ នាងអាចទទួលបានអារម្មណ៍ថា មានភាពខ្វះខាតដ៏ធំសម្បើមក្នុងជីវិតរបស់គាត់ បន្ទាប់ពីការបាត់បង់ម្តាយបង្កើតរបស់គាត់។
អាប្រាហាំ លីនខូន មិនសូវចូលចិត្តការងារដែលប្រើប្រាស់កម្លាំងកាយនោះទេ ប៉ុន្តែគាត់ចូលចិត្តការអាន ហើយដោយសារតែគាត់ត្រូវនៅផ្ទះដើម្បីជួយកិច្ចការផ្ទះ ជាជាងទៅសាលារៀន។ ដូច្នេះ គាត់បានទៅរៀននៅសាលាត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែវាមិនមែនមានន័យថាគាត់ត្រូវឈប់រៀន និងអភិវឌ្ឍន៍ផ្នត់គំនិតរបស់គាត់នោះទេ។ លោក បានបង្រៀនខ្លួនឯង ដោយការខ្ចីសៀវភៅ និងសិក្សាដោយខ្លួនឯង។ គាត់អានរាល់សៀវភៅដែលគាត់អាច ដែលធ្លាក់មកលើដៃគាត់។ គាត់មិនដែលចូលរៀននៅមហាវិទ្យាល័យទេ ហើយសូម្បីតែសញ្ញាបត្រផ្នែកច្បាប់របស់គាត់ ក៏ជាលទ្ធផលនៃការអប់រំខ្លួនឯងផងដែរ។ គាត់មានចំណាប់អារម្មណ៍ក្នុងការរៀនសូត្រពេញមួយជីវិតរបស់គាត់។
ជីវិតរបស់គាត់ពោរពេញទៅដោយការបរាជ័យ និងការខកចិត្ត ប៉ុន្តែគាត់បានសម្រេចចិត្តមិនបោះបង់ឡើយ។ គាត់បានកើតក្នុងភាពក្រីក្រ គាត់បានបាត់បង់ម្តាយបង្កើតរបស់គាត់ គាត់បានបាត់បង់ការងាររបស់គាត់ គាត់បានចាញ់ការបោះឆ្នោតចំនួនប្រាំបីលើក គាត់បរាជ័យពីរដងក្នុងអាជីវកម្មរបស់គាត់។ ហើយក្នុងអាជីវកម្មលើកទី២របស់គាត់ គាត់បានខ្ចីលុយរបស់មិត្តភ័ក្តិរបស់គាត់ ដើម្បីចាប់ផ្តើមអាជីវកម្ម ប៉ុន្តែគាត់នៅតែបរាជ័យ ហើយក្ស័យធនទៀតផង។ ដូច្នេះគាត់បានចំណាយពេល 17 ឆ្នាំបន្ទាប់នៃជីវិតរបស់គាត់ដើម្បីសងបំណុលនេះ។ គាត់ក៏បានភ្ជាប់ពាក្យជាមួយនារីស្រស់ស្អាតម្នាក់ដែលគាត់ស្រឡាញ់ជាខ្លាំង ប៉ុន្តែគូដណ្តឹងរបស់គាត់បានស្លាប់ ហើយគាត់ក៏ខូចចិត្តជាលើកទី២ បន្ទាប់ពីម្តាយបង្កើតរបស់គាត់ទទួលមរណៈភាព។ ដោយសារតែបែបនេះហើយ ទើបគាត់មានជំងឺសរសៃប្រសាទទាំងស្រុងតែម្តង ហើយចំណាយពេល ៦ ខែ នៅលើគ្រែ ដើម្បីឲ្យបញ្ហាសុខភាពផ្លូវចិត្តរបស់គាត់ធូរស្បើយ។ ក្រោយមកទើបគាត់បានរៀបការ ហើយមានកូនប្រុសចំនួនបួននាក់ ប៉ុន្តែគាត់បានបាត់បង់កូនចំនួន បីនាក់។ ពួកគេមិនដែលឈានដល់ពេលពេញវ័យនោះទេ ហើយមានតែម្នាក់ប៉ុណ្ណោះដែលអាចរស់រានមានជីវិត។ បន្ទាប់ពីការខាតបង់ ការបដិសេធ ការខកចិត្ត ការបរាជ័យជាច្រើនកន្លងមក គាត់ក៏ត្រូវបានជ្រើសរើសជាប្រធានាធិបតីសហរដ្ឋអាមេរិក។
រឿងជោគជ័យរបស់គាត់ គឺជាភស្តុតាងដែលបញ្ជាក់ថា មនុស្សអាចកើតមកដោយគ្មានគុណសម្បត្តិ និងតែងតែទទួលការបរាជ័យ ប៉ុន្តែនៅតែសម្រេចបាននូវអ្វីដែលអស្ចារ្យ ហើយពិតជាធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងជីវិត។ គ្មានអ្វីមួយ និងគ្មាននរណាម្នាក់ អាចរារាំងអ្នកពីការរៀនសូត្រ និងការអភិវឌ្ឍន៍សម្រាប់ខ្លួនអ្នកនោះទេ ដូច្នេះកុំទទួលយកដែនកំណត់ដែលអ្នកមាននៅក្នុងជីវិតរបស់អ្នក ព្រោះតែ "វិធីល្អបំផុតដើម្បីទស្សន៍ទាយអនាគតរបស់អ្នក គឺបង្កើតវាឡើងដោយខ្លួនអ្នក" ។
ចំណាយពេលមួយថ្ងៃម្តង ដើម្បីជឿថា ការខិតខំប្រឹងប្រែង និងការមិនបោះបង់ចោល នោះរឿងដ៏អស្ចារ្យមួយនឹងកើតឡើងដោយឯកឯងសម្រាប់អ្នក។ “ខ្ញុំជាមនុស្សដើរយឺត ប៉ុន្តែខ្ញុំមិនដែលដើរថយក្រោយឡើយ” ។