ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា អាវុធរបស់អាមេរិក ដែលប្រើប្រាស់នៅកម្ពុជា ពុំមានច្រើនឡើយ ហើយបច្ចុប្បន្នអាជ្ញាធរកំពុងប្រមូលទុក។ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្នុងទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកំពង់ចាម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានការបញ្ជារទិញអាវុធពីសហរដ្ឋអាមេរិកជាប្រព័ន្ឋនោះទេ ប៉ុន្តែមានអាវុធ ចាស់ៗមួយចំនួនរបស់អាមេរិក បានបន្សល់ទុកតាំងពីសម័យសង្រ្គាម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឲ្យអង្គភាពប្រដាប់អាវុធទាំងអស់ ត្រួតពិនិត្យឡើងវិញអំពីអាវុធ និងសម្ភារយោធា ដែលកម្ពុជាមានបច្ចុប្បន្នហើយត្រូវប្រមូលអាវុធ និងសម្ភារយោធាអាមេរិកទាំងអស់ទៅរក្សាទុកក្នុងឃ្លាំង ឬកម្ទេចចោល។
បទបញ្ជារនេះ បានធ្វើឡើងជាការឆ្លើយតបនឹងការប្រកាសរបស់សហរដ្ឋអាមេរិក ដែលគំរាមដាក់ទណ្ឌកម្មលើកម្ពុជាដោយថា នឹងមិនឲ្យមានសម្ភារយោធា និងអាវុធអាមេរិកនាំចូលមកកម្ពុជាទេ។ សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្លាប់មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ដែរថាអង្គភាពកងទ័ព កំពុងដំណើរការប្រមូលអាវុធ និងសម្ភារយោធាអាមេរិក យកមកទុកក្នុងឃ្លាំង និងបំផ្លាញចោល។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថាអាវុធអាមេរិកភាគច្រើនជាអាវុធចាស់ៗ ដែលបានបន្សល់ទុកចាប់តាំងពីសម័យសង្គ្រាមឆ្នាំ១៩៧០ ដែលប្រើប្រាស់ដោយទាហាន លន់ ណុល ហើយមានតិចតួចណាស់ដែលកងទ័ពបច្ចុប្បន្នយកទៅប្រើប្រាស់ និងមួយចំនួនទៀតត្រូវបានរក្សាទុកនៅក្នុងសារៈមុន្ទីរ៕
អត្ថបទ៖លាង ឡា