ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២១ បានថយចុះ៥៣៣លើក បើធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២០កន្លងទៅ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងក្នុងទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ថា ករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល១១ខែមកនេះ បានកាត់បន្ថយចំនួនអ្នកស្លាប់១៦២នាក់ និងកាត់បន្ថយអ្នករបួសបានចំនួន១១២០នាក់ តែបើសរុបរយៈពេល២ឆ្នាំ គឺបានកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍រហូតដល់១៤៧៥លើក សង្រ្គោះពលរដ្ឋពីការបាត់បង់ជីវិត បានចំនួន៤៩៧នាក់ និងការសង្រ្គោះពីការរងរបួស បានចំនួន២៥៧៥នាក់។
សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ស ខេង បានកោតសរសើចំពោះមន្រ្តីពាក់ព័ន្ឋដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់ ដែលឈានដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ និងបាត់បង់ជីវិត ព្រមទាំងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងដែរថា ក្នុងស្ថានភាពនេះ ប្រសិនបើនាំគ្នាគោរពច្បាប់ នោះអាយុជីវិត និងថវិការ គឺពុំមានការបាត់បង់នោះទេ ប៉ុន្តែបើមិនគោរពច្បាប់ នោះនឹងនាំឱ្យបាត់បង់អាយុជីវិត និងថវិការ ព្រមទាំងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់ឃើញថា អ្នកបើកបរម៉ូតូប្រមាណ៩៩,៩ភាគរយ បាននាំគ្នាពាក់មួកការពារសុវត្ថិភាព ដែលនេះជាលទ្ឋផល នៃការអនុវត្តច្បាប់ចរចរណ៍។
សូមរម្លឹកថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ កែសម្រួលនូវអនុក្រឹត្យ ស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។អនុក្រឹត្យថ្មីនោះ បានកែប្រែនូវមាត្រាមួយចំនួន និងមានការដំឡើងការពិន័យ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពី ៣ដងទៅ៥ដងនៃប្រាក់ពិន័យបច្ចុប្បន្ន៕
អទ្ថបទ៖លាង ឡា