ប៉ូលីសបាននិយាយថា មនុស្សយ៉ាងហោចណាស់ 375 នាក់ ឥឡូវនេះត្រូវបានគេដឹងថាបានស្លាប់ បន្ទាប់ពីខ្យល់ព្យុះដ៏ខ្លាំងមួយ បានវាយប្រហារប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍។ ខ្យល់ព្យុះទីហ្វុង រ៉ៃ (Super Typhoon Rai) ដែលមានខ្យល់បក់ប្រហែល 195 គីឡូម៉ែត្រក្នុងមួយម៉ោង បានបញ្ជូនមនុស្សប្រហែល 400,000 នាក់ រត់ដើម្បីរកទីទួលសុវត្ថិភាព នៅពេលវាវាយប្រហារមកលើកោះភាគអាគ្នេយ៍របស់ប្រទេសហ្វីលីពីន។
យ៉ាងហោចណាស់មនុស្ស 500 នាក់បានរងរបួស និង 56 នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បានបាត់ខ្លួន នេះបើយោងតាមប៉ូលីសក្នុងតំបន់។ ក្រុមជួយសង្គ្រោះបានពិពណ៌នាគ្រោះធម្មជាតិនេះជា "ការសម្លាប់រង្គាល"។ ប៉ុន្តែ ការបង្កើតទំហំនៃការខាតបង់គឺពិបាក ព្រោះបណ្តាញទូរគមនាមន៍ទៅកាន់តំបន់មួយ ចំនួនត្រូវបានកាត់ផ្តាច់។ ហើយមានការភ័យខ្លាចការរអិលបាក់ដី ដែលរីករាលដាល ហើយទឹកជំនន់ ដែលអាចឆក់យកជីវិតមនុស្សបន្ថែមទៀត។
ប្រធានកាកបាទក្រហមហ្វីលីពីន លោក Richard Gordon បានប្រាប់ BBC ថា "តំបន់ជាច្រើនគ្មានថាមពល គ្មានការទាក់ទង និងទឹកប្រើប្រាស់តិចតួចបំផុត" ។ «មានតំបន់មួយចំនួន ដែលមើលទៅដូចជាត្រូវបានគេទម្លាក់គ្រាប់បែក ដែលអាក្រក់ជាងសង្គ្រាមលោក លើកទីពីរទៅទៀត»។ សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម បានចាប់ផ្តើមការអំពាវនាវជាបន្ទាន់ដោយស្វែងរកជំនួយ 20 លានហ្វ្រង់ស្វីស (16 លានផោន, 22 លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងរយៈពេលវែង។
លោក Gordon បាននិយាយថា "ក្រុមសង្គ្រោះបន្ទាន់កាកបាទក្រហម កំពុងរាយការណ៍ពីការសម្លាប់រង្គាលនៅក្នុងតំបន់ឆ្នេរ" ។ "ផ្ទះ មន្ទីរពេទ្យ សាលារៀន និងអគារសហគមន៍ ត្រូវបានបំផ្លាញចោល"។ លោកបានបន្តថា អ្នកស្ម័គ្រចិត្តនៅកន្លែងកើតហេតុត្រូវផ្តល់ជំនួយជា បន្ទាន់ "សម្រាប់អ្នក ដែលបានបាត់បង់អ្វីៗទាំងអស់"។ ទាហាន ឆ្មាំឆ្នេរសមុទ្រ និងបុគ្គលិកពន្លត់អគ្គីភ័យរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។ យន្តហោះយោធា និងនាវាកងទ័ពជើងទឹក កំពុងនាំយកជំនួយទៅកាន់តំបន់ដែលរងគ្រោះខ្លាំងជាងគេ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានធ្វើការត្រួតពិនិត្យពីលើអាកាស លើតំបន់ដែលរងការបំផ្លិចបំផ្លាញដោយខ្យល់ព្យុះដ៏កំណាចនេះ។ វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយជំនួយការរបស់គាត់ បានបង្ហាញពីការខូចខាតយ៉ាងច្រើនលើសលប់ដល់កោះ Siargao, Dinagat និង Mindanao ។ អភិបាលនៃកោះ Dinagat, Arlene Bag-ao បាននិយាយនៅលើ Facebook ថា តំបន់នេះមាន "កម្រិតបំផ្លាញដល់ដីតែម្តង" ដោយសារខ្យល់ព្យុះទីហ្វុង។
នាងបាននិយាយនៅក្នុងសារដែលដកស្រង់ដោយគេហទំព័រព័ត៌មាន Rappler ថា "វាលស្រែ និងទូករបស់កសិករ និងអ្នកនេសាទរបស់យើង ត្រូវបានបំផ្លាញ" ។ "[W] យើងបានបាត់បង់ផ្ទះរបស់យើង។ ជញ្ជាំង និងដំបូលត្រូវបានរហែក និងរសាត់បាត់ទៅ... ការផ្គត់ផ្គង់អាហារ និងទឹក បានធ្លាក់ចុះយ៉ាងគួរឲ្យមានការបារម្ភជាខ្លាំង។" ជាមធ្យមខ្យល់កន្តាក់ និងព្យុះទីហ្វុងប្រហែល 20 លើក បានវាយប្រហារមកលើហ្វីលីពីនជារៀងរាល់ឆ្នាំ។ ចាប់តាំងពីពេលនោះមក ខ្យល់ព្យុះទីហ្វុង រ៉ៃ បានចាកចេញពីប្រទេសហ្វីលីពីន ហើយកំពុងធ្វើដំណើរតាមឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ប្រទេសចិន។
វាគឺជាខ្យល់ព្យុះដែលមានកម្លាំងខ្លាំងបំផុត ដែលវាយលុកប្រទេសហ្វីលីពីនក្នុងឆ្នាំ 2021 ហើយវាបានមកយឺតក្នុងរដូវព្យុះទីហ្វុងក្នុងតំបន់ ដោយព្យុះស៊ីក្លូនភាគច្រើន បានវិវត្តនៅចន្លោះខែកក្កដា ដល់ខែតុលា។ អ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថា ការកើនឡើងនៃសីតុណ្ហភាពពិភពលោក ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស កំពុងធ្វើឱ្យព្យុះទីហ្វុងកាន់តែមានកម្លាំងខ្លាំង និងកាន់តែខ្លាំងឡើងយ៉ាងឆាប់រហ័ស៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. blue