នេះគឺជាជីវិតជោគជ័យរបស់ស្តេចប្រដាល់ មហាម៉ែត អាលី (Muhammad Ali)។ គាត់មិនត្រឹមតែត្រូវបានគេចាត់ទុកទូទាំងសាកលលោកថា ជាអ្នកប្រដាល់ដ៏អស្ចារ្យបំផុត ដែលមិនធ្លាប់បានឈានជើងចូលសង្វៀនប្រកួតពីមុនមក ប៉ុន្តែគាត់ក៏ជាកីឡាករម្នាក់ ដែលមានឆន្ទះមុះមុតផងដែរ។ មនុស្សម្នាក់ដែលបានធ្វើឲ្យមានការទាក់ទាញដល់មនុស្សផ្សេងៗទៀត ដោយមិនត្រឹមតែដោយសារជំនាញប្រដាល់ និងការលះបង់ដ៏មិនគួរឱ្យជឿរបស់គាត់នោះទេ ប៉ុន្តែគួបផ្សំជាមួយផ្នត់គំនិតដ៏មានឥទ្ធិពលរបស់គាត់ផងដែរ ដែលពិតជាធ្វើឱ្យគាត់ក្លាយជាម្ចាស់ជើងឯកបាន។
មហាម៉ែត អាលី (Muhammad Ali) មានឈ្មោះកំណើតជា ខាសស៊ីអើស ខ្លេ (Cassius Clay) ប៉ុន្តែគាត់បានប្រកាសថា “ខាសស៊ីអើស ខ្លេ (Cassius Clay) គឺជាឈ្មោះទាសករ។ ខ្ញុំមិនបានជ្រើសរើសវា ហើយក៏មិនចង់បានវាដែរ។ ខ្ញុំឈ្មោះ មហាម៉ែត អាលី (Muhammad Ali) វាមានន័យថាជាទីគោរពស្រឡាញ់របស់ព្រះ ហើយខ្ញុំទទូចឱ្យមនុស្សប្រើវានៅពេលពួកគេនិយាយមកកាន់ខ្ញុំ»។
គាត់បានកើតក្នុងឆ្នាំ 1942 នៅទីក្រុង លូវីសវីល (Louisville) រដ្ឋ ឃែនធូកគី (Kentucky) ដោយធំឡើងក្នុងគ្រាដ៏លំបាកខ្លាំង គាត់ត្រូវបានគេរើសអើងដោយសារពណ៌ស្បែករបស់គាត់។ ម្ដាយរបស់គាត់ បានរំឭកពីគ្រាមួយ នៅពេលដែលគេបដិសេធមិនឲ្យទឹកត្រឹមតែមួយកែវទឹកសម្រាប់គាត់នៅក្នុងហាងលក់ទំនិញមួយ។
"ពួកគេនឹងមិនផ្តល់ទឹកឱ្យគាត់នោះទេ ដោយសារតែពណ៌សម្បុររបស់គាត់ ដែលពិតជាប៉ះពាល់ដល់ផ្លូវចិត្តរបស់គាត់ខ្លាំង" ។ លោក មហាម៉ែត អាលី (Muhammad Ali) ក៏មានជំងឺ ឌីស្លេកសេក (dyslexic) ដែលធ្វើឲ្យគាត់មានការពិបាកក្នុងការអាន និងសរសេរ។ នៅពេលគាត់មានអាយុ 12 ឆ្នាំ គាត់បានដឹងខ្លួនឯងថា ទេពកោសល្យរបស់គាត់ គឺសម្រាប់ការប្រដាល់តាមរបៀបដែលមិនធម្មតាមួយ។ នៅពេលដែលកង់របស់គាត់ត្រូវបានចោរលួច គាត់បានប្រាប់ប៉ូលីសថា គាត់ចង់វាយអ្នកដែលបានលួចកង់របស់គាត់ ប៉ុន្តែប៉ូលីសម្នាក់ឈ្មោះ ចូ ម៉ាធីន (Joe Martin) បានប្រាប់គាត់ថា គាត់គួរតែរៀនពីរបៀបប្រើកណ្តាប់ដៃរបស់គាត់ជាមុនសិន។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺ ចូ (Joe) ក៏ជាគ្រូបង្ហាត់ប្រដាល់នៅកន្លែងហាត់ប្រាណក្នុងស្រុកផងដែរ។ គាត់បានទទួលយក អាលី នៅក្រោមការដឹកនាំរបស់គាត់ ហើយចាប់ផ្តើមហ្វឹកហាត់គាត់។ ហើយមិនយូរប៉ុន្មានផង មហាម៉ែត អាលី (Muhammad Ali) បានឈ្នះការប្រកួតលើកដំបូងរបស់គាត់ ហើយនិងបន្តឈ្នះការប្រកួតជាច្រើនក្រោយៗមកទៀតផងដែរ។ ប៉ុន្តែការហ្វឹកហាត់ គឺមិនងាយស្រួលសម្រាប់គាត់ឡើយ ប៉ុន្តែមហាម៉ែត អាលី (Muhammad Ali) បានសម្រេចចិត្តមិនបោះបង់ឡើយ។
“ខ្ញុំស្អប់គ្រប់វិនាទីនៃការហ្វឹកហាត់ ប៉ុន្តែខ្ញុំនិយាយថា ខ្ញុំមិនបោះបង់នោះទេ។ ស៊ូរងទុក្ខឥឡូវនេះ ហើយរស់នៅពេញមួយជីវិតរបស់អ្នកជាម្ចាស់ជើងឯក” ។
បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ 1960 មហាម៉ែត អាលី (Muhammad Ali)បានក្លាយជាម្ចាស់មេដាយមាសអូឡាំពិក ហើយនៅឆ្នាំ 1964 គាត់បានក្លាយជាម្ចាស់ជើងឯកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក។ គាត់ គឺជាអ្នកប្រដាល់ដំបូងគេ ដែលឈ្នះជើងឯកពិភពលោកទម្ងន់ធ្ងន់បីដងផ្សេងគ្នា ហើយបានការពារម្ចាស់ជើងឯកនេះដោយជោគជ័យចំនួន 19 ដងទៀតផង។ ដោយមិនមានការសង្ស័យឡើយ មហាម៉ែត អាលី (Muhammad Ali) ត្រូវបានគេចាត់ទុកថា ជាអ្នកប្រដាល់ដ៏អស្ចារ្យបំផុតដែលមិនធ្លាប់បានឈានជើងចូលសង្វៀនប្រកួតពីមុនមក ដោយសារតែការលះបង់ និងកម្លាំងផ្លូវចិត្តដែលមិនអាចបំបែកបានរបស់គាត់ ដើម្បីជម្នះរាល់ឧបសគ្គដែលចូលមកក្នុងផ្លូវរបស់គាត់។
ប៉ុន្តែតើអ្វីបានធ្វើឱ្យគាត់ក្លាយជាអ្នកប្រដាល់ដ៏អស្ចារ្យបំផុតគ្រប់ពេលទាំងអស់?
គាត់មិនមានកម្ពស់ខ្ពស់ជាងគេ គាត់មិនធំជាងគេ ហើយក៏គាត់មិនខ្លាំងជាងគេផងដែរ ប៉ុន្តែគាត់នៅតែជាអ្នកប្រដាល់ដែលល្អបំផុត។ ការលះបង់ទៅលើកីឡាប្រដាល់របស់គាត់ គឺមិនគួរអោយជឿទាល់តែសោះ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ ទំនុកចិត្តរបស់គាត់ចំពោះខ្លួនឯង។ កម្លាំងដ៏អស្ចារ្យរបស់គាត់ គឺគ្មានអ្វីថ្លែងបានឡើយ ប៉ុន្តែភាពអស្ចារ្យរបស់ មហាម៉ែត អាលី (Muhammad Ali) គឺជាផ្នត់គំនិតរបស់គាត់។ គាត់ជឿថា គាត់គឺជាមនុស្សដ៏អស្ចារ្យបំផុត សូម្បីតែមុនពេលឈានដល់ទទួលបានភាពជោគជ័យក៏ដោយ។ គាត់បានហ្វឹកហាត់ទាំងយប់ទាំងថ្ងៃ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ គាត់បានបង្កើតផ្នត់គំនិតដ៏ខ្លាំងក្លា ដែលអនុញ្ញាតឱ្យគាត់វាយគ្រប់កណ្តាប់ដៃ ប្រឈមមុខរាល់ការប្រកួតប្រជែង និងឧបសគ្គទាំងអស់ ហើយតែងតែបន្តដំណើរទៅមុខជាដរាប។ គាត់ជឿថា គាត់មានវាសនាក្លាយជាអ្នកប្រដាល់ដ៏អស្ចារ្យបំផុតគ្រប់ពេលទាំងអស់ ហើយគាត់ធ្វើវាបានសម្រេចហើយ។ ទោះបីជាគូប្រកួតរបស់គាត់ល្អជាងគាត់ក៏ដោយ គាត់នៅតែអាចរកវិធីដើម្បីបំបាក់ពួកគេ ទោះបីជាពួកគេមិនទាន់ឈានជើងចូលសង្វៀនដ៏ដោយ។ គាត់នឹងធ្វើឱ្យពួកគេជឿថា ពួកគេនឹងប្រកួតជាមួយមនុស្សដ៏អស្ចារ្យម្នាក់។
“ដើម្បីក្លាយជាម្ចាស់ជើងឯកដ៏អស្ចារ្យម្នាក់ អ្នកត្រូវតែជឿថា អ្នកល្អបំផុត” ។ "បើអ្នកមិនមែនល្អបំផុតនោះទេ ធ្វើពុតថាអ្នកជាមនុស្សម្នាក់នោះ"។ ទោះបីជា Muhammad Ali បានចាកចេញពីពិភពលោកក៏ដោយនេះ ប៉ុន្តែស្នាដៃ និងពាក្យសម្ដីមាសរបស់គាត់ នឹងស្ថិតនៅជារៀងរហូត។ ដូច្នេះត្រូវចាំថា "ខ្ញុំស្អប់រាល់នាទីនៃការហ្វឹកហ្វឺន ប៉ុន្តែខ្ញុំនិយាយថា ខ្ញុំមិនបោះបង់ឡើយ ស៊ូរងទុក្ខឥឡូវនេះ ហើយរស់នៅពេញមួយជីវិតរបស់អ្នកជាម្ចាស់ជើងឯក"៕