ទិដ្ឋភាពហាត់សមថ្ងៃចុងក្រោយ ដើម្បីត្រៀមសម្ដែងនិងអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាននៃ ពហុកីឡាដ្ឋានជាតិ មរតកតេជោនិងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនា ព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា។
ការហាត់សមលើកចុងក្រោយនៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះដឹកនាំ និងត្រួតពិនិត្យដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេស ចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ រីឯនៅល្ងាចថ្ងៃដដែលនេះ ក៏នឹងមានរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខ មុនឈានដល់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលដ៏អស្ចារ្យជាប្រវត្តិសាស្ដ្រនាព្រឹកស្អែកផងដែរ៕