រាជធានីភ្នំពេញ ៖ ទីតាំងបើកល្បែងមួយកន្លែង ដែលមានមេល្បែងដ៏ល្បីឈ្មោះម្នាក់ហើយក៏ត្រូវជាសមត្ថកិច្ចផង ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបដោយឃាត់ខ្លួនមេល្បែង និងក្រុមអ្នកញៀនល្បែងទាំងបុរស ទាំងស្រី ប្រមាណជាង ៣០នាក់ រួចបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ការបង្ក្រាបល្បែងស៊ីសងខាងលើនេះ ធ្វើឡើងនៅវេលាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងឃ្លាំងមួយកន្លែងតាមផ្លូវបេតុងស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហើយក្នុងប្រតិបត្តិការណ៍នេះ គឺដឹកនាំសម្របសម្រួលដោយ ព្រះរាជអាជ្ញារង និងមានការចូលរួមពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខផងដែរ។ បើតាមព័ត៌មានបានអោយដឹងថា ទីតាំងល្បែងនោះបានបើកលេងបៀរលួចលាក់ជាយូរមកហើយ ដែលមានមេល្បែងដ៏ល្បីឈ្មោះម្នាក់ មានឈ្មោះ សូ សំឡូត ហើយត្រូវគេស្គាល់ថាជា សមត្ថកិច្ចមួយរូបផងដែរ បានបើកលេងបៀរអង់ឌូ ដើម្បីយកតុង។ ហើយមុនដំណើរការមេល្បែងដ៏ល្បីឈ្មោះរូបនេះក៏បានរត់ការផងដែរ។ តាមព័ត៌មានអោយដឹងបន្តថា មុនពេលកើតហេតុនៅពេលដែលក្រុមអ្នកញៀនល្បែងកំពុងតែអ៊ុតបៀរយ៉ាងសប្បាយនោះ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថចូលទៅក្នុងឡោមព័ទ្ធ ឃាត់ខ្លួនបានទាំងមេធំ ឈ្មោះ សូ សំឡូត និងអ្នកញៀនល្បែងសរុបចំនួន ៣២នាក់។
តាមសមត្ថកិច្ចអោយដឹងទៀតថា មនុស្សទាំង ៣២នាក់ខាងលើនេះមានប្រុស ១៣នាក់ និងស្រី ១៩នាក់ ក្នុងនោះមានមេល្បែងម្នាក់ផងដែរត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនព្រមទាំងដកហូតបានបៀរ និងធុងសម្រាប់ដាក់សន្លឹកបៀជាច្រើនផងដែរ។ គួរបញ្ជាក់ថា មេល្បែងដ៏ល្បីឈ្មោះ សូ សំឡូត នេះបានបើកលេងបៀរ ដើម្បីយកតុងស្ទើរគ្រប់ខណ្ឌនៅក្នុងរាជធានីភ្នំពេញ ដោយអាងខ្លួនថាជាសមត្ថកិច្ច។ ហើយកន្លងមកត្រូវបានកម្លាំងអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ចុះបង្ក្រាបជាបន្តបន្ទាប់ តែមេល្បែងចេះតែរបូតរហូត។ មិនត្រឹមតែប៉ុណ្ណោះ គេនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុន គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ក៏ចុះបង្ក្រាបល្បែងស៊ីសង ហើយក៏ថតជាប់រូបមេល្បែងរូបនេះនៅក្នុងប្រតិបត្តិការនោះផងដែរ តែក្រោយមកស្រាប់តែរបូតវិញដោយឡើងជិះរថយន្តទំនើបទៅបាត់។ ដោយឡែកលើកនេះចាំមើលថា តើមេល្បែងរូបនោះអាចមានសំណាងត្រូវបានតុលាការដោះលែងទៀតទេ? ៕