វីដេអូដែលផលិតដោយ Seoul Milk បង្ហាញពីបុរសម្នាក់លួចថតស្ត្រីមួយក្រុមនៅក្នុងវាលស្រែ ដែលក្រោយមកប្រែទៅជាសត្វគោ។ បន្ទាប់ពីប្រឈមមុខនឹងការរិះគន់ជាសាធារណៈ ក្រុមហ៊ុនបានលុបការផ្សព្វផ្សាយនេះចេញពី YouTube ប៉ុន្តែវាបានរីករាលដាល បន្ទាប់ពីត្រូវបានបង្ហោះឡើងវិញដោយអ្នកប្រើប្រាស់អ៊ីនធឺណិត។ អ្នកខ្លះក៏បានប្រៀបធៀបអាកប្បកិរិយារបស់បុរសរូបនេះទៅនឹង «ម៉ូកា» ដែលជាការលួចថតមនុស្សដោយខុសច្បាប់។
ក្រុមហ៊ុនមេរបស់ Seoul Milk បាននិយាយនៅក្នុងការសុំទោសដែលបង្ហោះលើអ៊ីនធឺណិតថា "យើងសូមអភ័យទោសដោយស្មោះ ចំពោះអ្នកគ្រប់គ្នាដែលមានអារម្មណ៍មិនល្អជាមួយពាណិជ្ជកម្មទឹកដោះគោ ដែលបានចេញផ្សាយនៅថ្ងៃទី 29 ខែមុន" ។ ក្រុមហ៊ុនបានបន្ថែមថា "យើងកំពុងទទួលយកបញ្ហានេះយ៉ាងម៉ត់ចត់ ហើយនឹងធ្វើការត្រួតពិនិត្យផ្ទៃក្នុង និងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីការពារឧប្បត្តិហេតុស្រដៀងគ្នានេះ កុំឱ្យកើតឡើងនាពេលអនាគត។"
ការផ្សាយពាណិជ្ជកម្មនេះបានបង្កឱ្យមានការជជែកដេញដោលថ្នាក់ជាតិជុំវិញបញ្ហាផ្លូវភេទ និងបញ្ហាយេនឌ័រ ប៉ុន្តែការរិះគន់នេះមិនត្រូវបានកំណត់ចំពោះស្ត្រីដែលត្រូវបានគេចាត់ទុកថាជាសត្វគោនោះទេ។ អ្នកខ្លះក៏បានបង្ហាញពីការព្រួយបារម្ភអំពីបុរសដែលលួចថតក្រុមស្ត្រីដោយលួចលាក់ ដោយសារតែឧក្រិដ្ឋកម្មលួចដាក់កាមេរ៉ានៅកូរ៉េខាងត្បូង បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
Molka ដែលបកប្រែតាមព្យញ្ជនៈទៅជា "កាមេរ៉ាសម្ងាត់" បានក្លាយជាបញ្ហាពិសេសសម្រាប់ស្ត្រីនៅក្នុងប្រទេសកូរ៉េខាងត្បូង។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន Seoul Milk បានដាក់ចំណងជើងដោយហេតុផលមិនសមទំនង។ ក្នុងឆ្នាំ 2003 ក្រុមហ៊ុនបានរៀបចំការសម្តែងមួយដែលមានតារាម៉ូដែលស្រាត បានបាញ់ទឹកដោះគោយ៉ាអួដាក់គ្នាទៅវិញទៅមក។ ប្រធានផ្នែកទីផ្សាររបស់ Seoul Milk និងតារាម៉ូដែល ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះត្រូវបានផាកពិន័យពីបទអាសអាភាស៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue