រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទី ដល់ម៉ោង ១១:៤៥នាទីព្រឹក
សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ហៅកាត់ថា IPAC បានសហការជាមួយ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រៀបចំសិក្ខាសាលាតាមប្រព័ន្ធ Zoom ស្តីពី “សិទ្ធិផ្តាច់មុខ និងបញ្ហាប្រឈមនានាក្នុងវិស័យឧស្សាហកម្មយានយន្តកម្ពុជា” ដោយមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងមានការចូលរួមថ្លែងមតិស្វាគមន៍ ដោយ លោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និង លោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងដោយទទួលបានការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន HGB Group ។
សិក្ខាសាលាអនឡាញនេះ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមានដូចជា មន្ត្រីមកពីស្ថាប័នរដ្ឋ/ឯកជន អ្នកអនុវត្តច្បាប់ មេធាវី អាជ្ញាកណ្តាល ធុរជន និស្សិត ជាពិសេសគឺវត្តមានចូលរួមរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក តាន់ សុវិជ្ជា ប្រធានលេខាធិការដ្ឋាននៃ គ.ប.ផ.ក និងមន្ត្រីមកពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) និងអ្នកចូលរួមផ្សេងទៀត សរុបចំនួន ៣៣២នាក់។
ចំណែកឯប្រធានបទដែលនឹងត្រូវលើកយកមកចែករំលែកជូនសិក្ខាកាមនៅក្នុងសិក្ខាអនឡាញនេះ ត្រូវបានបែងចែកជា៤ផ្នែក ដោយ លោកស្រី កែវ ចន្ទឆវី អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកធ្វើបទបង្ហាញលើប្រធានបទស្តីពី «នីតិវិធីសម្រាប់ការបញ្ជាក់អំពីសិទ្ធិផ្តាច់មុខលើម៉ាក ការកត់ត្រា និងការតម្កល់ លិខិតប្រគល់សិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ម៉ាក» បន្ទាប់មក ឯកឧត្តម ពេជ អង្គ ស្ថាបនិក និងអតីតប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា(អាណត្តិទី១) និងជាទីប្រឹក្សាសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ទទួលបន្ទុកធ្វើបទបង្ហាញលើប្រធានបទស្តីពី «សិទ្ធិផ្តាច់មុខ និងផលវិបាកក្នុងវិស័យកម្មសិទ្ធិបញ្ញា» បន្ទាប់មកទៀតគឺ លោកស្រីបណ្ឌិត គក បូរ៉េន នាយិកាផ្នែកច្បាប់ និងប្រតិបត្តិការនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងជាសមាជិកក្រុមប្រឹក្សាសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដែលទទួលបន្ទុកធ្វើការចែករំលែកនូវបទបង្ហាញស្តីអំពី «ធនាគារ និងការអនុវត្តន៍ច្បាប់» និងចុងក្រោយគឺ លោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា និងជាអនុប្រធានសភាពពាណិជ្ជកម្ពុជា ទទួលបន្ទុកធ្វើបទបង្ហាញចំពោះប្រធានបទស្តីពី «ការប្រកួតប្រជែងនៅក្នុងវិស័យឧស្សាហកម្មយានយន្ត»។
សិក្ខាសាលាអនឡាញនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ និងទទួលបានការគាំទ្រពីសំណាក់សិក្ខាកាមទាំងអស់។