សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៏នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ “ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ” ដ៏សែនប្រណិត តម្លៃ១៨០លានដុល្លារ ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង ហើយជាសណ្ឋាគារយីហោ “ហៃយ៉ាត់” ដំបូងគេនៅក្នុងរាជធានីភ្នំពេញ ស្ថិតនៅចំតំបន់ពាណិជ្ជកម្ម និងតំបន់វប្បធម៌ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ នេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ផលប៉ះពាល់ពិតប្រាកដនៃវិបត្តិកូវីដ១៩ គឺវិស័យទេសចរណ៍ ប៉ុន្តែពេលនេះកំពុងរើបម្រះឡើងវិញ ដោយចាប់ផ្ដើមពីទេសចរណ៍ផ្ទៃក្នុង។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ថា នៅពេលដែលចាប់ផ្ដើមបើកប្រទេសឡើងវិញ យើងបានមើលឃើញពីការកើនឡើង នៃប្រាក់ចំណូល ដែលបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែកន្លងមក។ ទោះបីជាការកើនឡើងនេះ មិនទាន់ស្មើទៅនឹងមុនវិបត្តិកូវីដក៏ដោយ ដែលពេលនោះ អាចរកបានមួយខែប៉ុន្មាន ៥០០ ទៅ ៧០០ លានដុល្លារ បានធ្លាក់ចុះមកនៅលើ ៤០០លាន ហើយក៏បានបន្តធ្លាក់ចុះមកក្រោម ៤ រយលានថែមទៀត តែពេលនេះ បានងើបឡើងវិញ ពីព្រោះនៅពេលមានតម្រូវការក្នុងស្រុក ការនាំចូលក៏កើនឡើងដែរ ហើយក្នុងនោះពន្ធគយក៏មានកំណើន។
តាមការសន្និដ្ឋានរបស់សម្ដេច សេដ្ឋកិច្ចរបស់កម្ពុជាឆ្នាំ២០២១នេះនៅជុំវិញ៣ភាគរយ ពីព្រោះផលប៉ះពាល់ពិតប្រាកដ គឺវិស័យសេវាកម្ម ទេសចរណ៍ វិស័យដទៃទៀត មិនសូវប៉ះពាល់ទេ ប៉ុន្តែវិស័យទេសចរណ៍នេះ មានផលប៉ះពាល់ខ្លាំង។ សម្តេចថា ឧស្សាហកម្ម និងកសិកម្ម មិនមានផលប៉ះពាល់ទេ ហើយដំណាក់កាលចុងក្រោយនេះ គឺមានបន្ថែមនូវការងារវេនយប់ថែមទៀត ទើបគ្រប់តម្រូវការបញ្ជាទិញ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ឥឡូវនេះវិស័យទេសចរណ៍របស់យើងកំពុងរើបម្រះឡើងវិញ ដោយចាប់ផ្ដើមពីទេសចរណ៍ផ្ទៃក្នុង ហើយបើតាមទូរលេខ ដែលផ្ដល់ដោយក្រសួងទេសចរណ៍មានរហូតជាង២០ម៉ឺននាក់ ដែលបានចេញដើរលេងនៅថ្ងៃចុងសប្តាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យថ្មីៗនេះ ដូច្នេះបើគិតពីមុនភ្ជុំរហូតមកដល់ឥឡូវនេះ តួលេខមិនតិចជាង២ លាននាក់ទេ ដែលបានចេញដើរលេង។
ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសក្មួយៗ ដែលទើបរៀបការថ្មោងថ្មី អាចមកស្នាក់នៅ និងក្រេបទឹកឃ្មុំនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ដែលកំពុងសម្ពោធនេះ៕ (មានជ័យ)